សេចក្តីពន្យល់ ពង្រាយខ្លឹមសារដោយបរិយាយ អំពីមង្គលសូត្រ ៣៨ ប្រការ
១. អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ។ ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថា បុគ្គលពាលមាន៣ជំពូកគឺ ៖
ក. បុគ្គលល្ងង់ខ្លៅ គ្មានគំនិត ប្រាជ្ញា
ហើយមិនគិតកសាងសមត្ថភាពនិងគំនិតប្រាជ្ញា
ជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ
ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមូយ ដោយហេតុ
ធ្វើខ្លួនឱ្យជាបុគ្គលមិនមានប្រយោជន៍
ឬធ្វើខ្លួនឱ្យបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែល
ខ្លួនមានឱកាសកើតជាមនុស្ស ។
ខ. បុគ្គលស្វែងរកក្តីសុខ
ឬប្រយោជន៍ខ្លួនឯងដោយការធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ
ឬស្វែងរក ក្តីសុខឱ្យខ្លួនឯងដោយការបៀតបៀតក្តីសុខអ្នកដទៃ ។
គ. បុគ្គលធ្វើឱ្យខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង ។ សូមចូលទៅអានបន្ត.......................................................................................
ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំងជីវលោកឱ្យបានប្រសើរ
បុគ្គលគ្រប់រូបត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សផងគ្នា
ប៉ុន្តែការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា
បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរ ។
បុគ្គលពាលទាំង៣ជំពូកនេះ
ជាប្រភេទមនុស្សគួរឱ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បី
សេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ
ក្រៅពីធ្វើឱ្យយើងវិនាសប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ
ខាតពេលវេលា គំនិតប្រាជ្ញាទៅ
ថែមទាំងនាំឱ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។
ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់
គឺម្នាក់ជារូបអ្នក ហើយម្នាក់ទៀតជាបុគ្គលពាលក្តី
ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយ
ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយត្ន
ហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណានេះ ជាមង្គលដ៏ឧត្តម ។
២. បណ្ឌិតានញ្ច សេវនា
កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ ។ បណ្ឌិត គឺលោក
អ្នកដែលមានចំណេះវិជ្ជាជ្រាលជ្រៅ ហើយមានគុណធម៌ខ្ពង់ខ្ពស់
និងសីលធម៌ថ្លៃថ្នូរ មិនបំផ្លាញប្រយោជន៍និងក្តីសុខរបស់ខ្លួននិង
មិនធ្វើឱ្យអ្នក ដទៃខូចប្រយោជន៍ ឬខូចក្តីសុខ
មិនធ្វើឱ្យគេឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ម្យ៉ាងទៀត
បុគ្គលដែលជាបណ្ឌិតតែងប្រកបដោយគុណធម៌ពីរយ៉ាងគឺ៖
ជាបុគ្គលខ្មាសអៀនមិនហ៊ានធ្វើអំពើអាក្រក់ ហិរិ
និងខ្លាចក្តីអាក្រក់
មិនហ៊ានធ្វើអំពើអាក្រក់ទាំងឡាយទាំងក្នុងទីកំបាំងនិងទីចំហរ
ឱត្តប្បៈ ។ ព្រះពុទ្ធ បង្រៀនថា ដើម្បីបានក្តីចម្រើនទាំងគំនិត
ប្រាជ្ញា ទាំងក្នុងសេដ្ឋកិច្ច ជីវភាព និងដើម្បីបានជាប្រយោជន៍ទាំង ឡាយ
ពួកបុគ្គលគប្បីខ្នះខ្នែងស្វែងរកការសេពគប់ជាមួយបុគ្គលជាបណ្ឌិត ។
ដូច្នេះ កិរិយាសេពគប់នូវបុគ្គលដែលមានគតិបណ្ឌិត ជាមង្គលដ៏ឧត្តម ។
៣. បូជា ច បូជនីយានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជា ។ បូជា គឺការឱ្យ ឬការគោរពប្រតិបត្តិមានពីរយ៉ាងគឺ៖
ក. បូជាដោយការឱ្យសម្ភារៈផ្សេងៗ (អាមិសបូជា)។
ខ. បូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់ និង អនុវត្តតាម (បដិបត្តិបូជា) ។
ការបូជា ជាការប្រសើរ ប៉ុន្តែបើបូជាដល់បុគ្គលពាលគ្មានគុណធម៌
គ្មានសីលធម៌ ក្រៅពីមិនបានផលល្អដល់ខ្លួនឯងនិងសង្គមទៅ
ក៏នៅរមែងបាននូវក្តីអន្តរាយ
ក្តៅក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផង
ជាពិសេសនឹងក្លាយជាអ្នកលើកតម្កើងសភាវៈអាក្រក់ ។ ហេតុនេះ
ការបូជាត្រូវតែធ្វើឡើងដោយបញ្ញា គឺធ្វើចំពោះបុគ្គលដែលគួរគោរពបូជា
គឺជាបុគ្គលដែលមានគុណធម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃ
តែងធ្វើនូវសេចក្តីសុខចម្រើន ដល់សង្គមមនុស្សជានិច្ច ។
បូជនីបុគ្គលទាំងនេះ មានជាអាទិ៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា
បិតា គ្រូអាចារ្យ និងអ្នកដែលមានគុណូបក្ការៈចំពោះខ្លួន
ឬចំពោះសង្គមជាតិជាដើម ។ ដូច្នេះការគោរពបូជាដល់បូជនីយ បុគ្គលទាំងនេះ
ជាមង្គលដ៏ឧត្តម ។
៤. បដិរូបទេស វាសោច កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ ។
ប្រទេសដ៏សមគួរ គឺប្រទេស ដែលមានសុខសន្តិភាព
គ្មានសង្គ្រាមកាប់សម្លាប់គ្នា និងបរិបូណ៌ដោយធម៌វិន័យ
ច្បាប់ទម្លាប់ល្អប្រពៃ និងសម្បូរដោយអ្នកប្រាជ្ញ រាជបណ្ឌិត្យ
អ្នកមានគុណធម៌ និងសីលធម៌ថ្លៃថ្នូរ
ប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋនិងធម៌វិន័យត្រឹមត្រូវ
ជាប្រទេសដែលមានអ្នកដឹកនាំនិងមន្ត្រីប្រកបដោយធម៌
ដឹកនាំសង្គមជាតិដោយការ គោរពច្បាប់ ដោយយុត្តិធម៌
និងជាហេតុនាំឱ្យមានក្តីចម្រើនរុងរឿង ។
ការរស់នៅក្នុងប្រទេសបែបនេះជាការប្រពៃ ព្រោះជាគ្រឹះក្នុង
ការអភិវឌ្ឍគំនិតប្រាជ្ញាជាដើម ។
កិរិយារស់នៅក្នុងប្រទេសដ៏សមគួរបែបនេះ ជាមង្គលដ៏ឧត្តម ។
៥. បុព្វេ កតបុញ្ញតា
ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ។
ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អនៃអំពើសុចរិតនិងផលអាក្រក់នៃអំពើទុច្ចរិត
តែងប្រញាប់ប្រញាល់វៀរចាកអំពើអាក្រក់គ្រប់យ៉ាង ហើយ
រួតរះធ្វើបុណ្យរាល់ៗជាតិ ព្រោះអំពើល្អតែងផ្តល់ផលជាសុខ ។
ន័យនេះក៏បានដល់ការកសាង
ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់យ៉ាងដូចជាការត្រៀមធនធានទុកជាមុន
លុះពេលត្រូវការ ក៏អាចយកសមត្ថភាព
លក្ខណៈសម្បត្តិនិងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះ
ការខិតខំលះបង់បាននូវអំពើអាក្រក់
ហើយព្យាយាមធ្វើឱ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម ។
៦. អត្តសម្មាបណីធិ ច កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ ។
តម្កល់ខ្លួន មានន័យថា ការធ្វើខ្លួននៅក្នុងប្រភេទណាមួយ ។ ប្រការនេះ
បានដល់កិរិយាចេះពិចារណាឱ្យយល់ច្បាស់លាស់ថា
អំពើល្អពិតជាផ្តល់ផលល្អ ឯអំពើអា ក្រក់ពិតជាផ្តល់ផលអាក្រក់
ហើយក៏កើតមានសទ្ធាជឿកម្មផលយ៉ាងមុតមាំ
ព្រមទាំងញ៉ាំងខ្លួនឱ្យព្យាយាម ធ្វើតែអំពើល្អ
មានធ្វើទាននិងរក្សាសីលជាដើម ។ កិរិយាយល់ច្បាស់អំពីវិបាកនៃកម្ម
ហើយប្រញាប់តម្កល់ខ្លួនក្នុងទានសីល ភាវនា សមាធិ
ឱ្យនៅតែក្នុងសេចក្តីព្យាយាម មិនខ្ជឹលច្រអូស
តាំងខ្លួនឱ្យនៅក្នុងសតិ ឱ្យនៅ ឆ្ងាយពីការធ្វេសប្រហែស
ឬមិនយកខ្លូនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ យ៉ាងនេះ
ជាមង្គលដ៏ឧត្តម ។
៧. ពាហុសច្ច
ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន ។
ប្រការនេះបានដល់ការស្តាប់ ការអាន
និងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្ញូវលោកនិងផ្លូវធម៌
ស្តាប់ឱវាទរបស់បណ្ឌិតទាំងឡាយនិងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតា បិតា
គ្រូ និងរៀមច្បងជាដើម
ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានសមត្ថភាពនិងមានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់
ដែលជាហេតុញ៉ាំងប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃយ៉ាងពិតប្រាកដ
។ ការខិតខំស្តាប់ អាន និងសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះ
យ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
៨. សិប្បៈ សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ។
ប្រការនេះបានដល់ការចេះដឹងនិងការប៉ិនប្រសប់
ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ
យ៉ាងហោចណាស់ឱ្យស្ទាត់ជំនាញនូវមុខវិជ្ជាណាដែលខ្លួនបានសិក្សា
(ឬនៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ)
ដែលនាំមកនូវប្រយោជន៍និងសេចក្តីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃ ។
ដូច្នេះ កិរិយាឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិនប្រសប់ក្នុងសិប្បកម្ម
ហត្ថកម្មទាំងពួង ជាមង្គលដ៏ឧត្តម ។
៩. វិនយោ ច សុសិក្ខិតោ
វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ។ វិន័យ
គឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។
សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។
សម្រាប់បព្វជិតបានដល់វិន័យរបស់អ្នកបួសនិងច្បាប់របស់រដ្ឋជាដើម ។
បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសសក្តិ
មានត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើគេជាបុគ្គលអនាចារ
គ្មានវិន័យ គ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះ
គេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញ
គឺបានតែពួកមនុស្សអែបអប រណេបរណបប៉ុណ្ណោះ
ហើយមិនយូរប៉ុន្មានគេនឹងទទួលបាននូវក្តី វិនាសជាមិនខាន ។ ហេតុនេះ
កិរិយារៀនវិន័យនិងច្បាប់រដ្ឋនិងព្យាយាម
ប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ ជាមង្គលដ៏ឧត្តម ។
១០. សុភាសិតា ច យា វាចា វាចាដែលបុគ្គលពោលដោយប្រពៃ ។
មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនងនិងផ្តល់ព័ត៌មានដល់គ្នា
នឹងគ្នា ប៉ុន្តែ ព្រះពុទ្ធបានបង្រៀនឱ្យយើងចេះជ្រើសរើស
ពាក្យសម្ដីសម្រាប់និយាយស្តីឱ្យដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់
ដាំដុះ សាបព្រោះយ៉ាងនោះដែរ
ហើយព្រះអង្គតែងបានបង្រៀនយើងកុំឱ្យពោលពាក្យណាដែលធ្វើឱ្យអ្នកដទៃឈឺចាប់
ខូចប្រយោជន៍ បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។
ពាក្យល្អពីរោះមានប្រយោជន៍ សូម្បីតែមួយឃ្លា
មួយប្រយោគក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាន់ប្រយោគដែរ ។
ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុ គឺពាក្យដែលបុគ្គលគប្បីពោល១០យ៉ាង
គឺពោលអំពីការមិនលោភលន់១ អំពីការសន្ដោស១
អំពីការស្ងប់ស្ងាត់កាយនិងចិត្ត១
អំពីការនៅមិនច្របូកច្របល់ដោយពួកក្រុម១ អំពីការព្យាយាម១ អំពីសីល១
អំពីសមាធិ១ អំពីបញ្ញា១ អំពីព្រះនិព្វាន១ និងអំពីធម៌រំលត់ទុក្ខ១ ។
កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។
១១-១២. មាតាបិតុ ឧបដ្ឋានំ កិរិយាបម្រើ
ឬទំនុកបម្រុងមាតានិងបិតា ។
កូនប្រុស-ស្រីមានកាតព្វកិច្ចត្រូវចិញ្ចឹមមាតាបិតា
ធ្វើការងារជំនួសគាត់ រក្សាវង្សត្រកូលឱ្យគង់វង្សនិងខ្ពង់ខ្ពស់
ធ្វើខ្លួនឱ្យសមរម្យជា អ្នកទទួលមរតកពីគាត់ ធ្វើបុណ្យជូនគាត់ជាដើម ។
ព្រោះថា កូនដែលដឹងគុណមាតាបិតា ហើយប្រព្រឹត្ត ប្រតិបត្តិ
គោរពមាតាបិតាដូចពោលមកនេះ រមែងមិនច្យុតឡើយ ។ ដូច្នេះ កិរិយាបម្រើ
ទំនុកបម្រុងមាតាបិតា ជាមង្គលដ៏ឧត្តម ។
១៣. បុត្តទារស្ស សង្គហោ កិរិយាសង្គ្រោះបុត្រនិងភរិយា ។
មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូន
គឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១
ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិត ទាំងសកម្មភាព
និងពាក្យសម្ដី) ជាអំពើមានតែប្រយោជន៍ មិននាំផលក្តៅក្រហាយ១
ទំនុកបម្រុងកូនឱ្យបានរៀនសូត្រ ឱ្យមានចំណេះដឹង
មានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១
ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១
និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១ ឈ្មោះថា ជាមាតា
បិតាសង្គ្រោះបុត្រយ៉ាងល្អ ។
ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺ
និយាយពាក្យផ្អែមល្ហែមនឹងភរិយា១ មិនមើលងាយភរិយា១ មិនក្បត់ភរិយា១
ផ្គត់ផ្គង់ភរិយា១ និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១
ឈ្មោះថាស្វាមីសង្គ្រោះភរិយា ។
បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថា
ជាអ្នកបានកសាងគ្រឹះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិ ។
ដូច្នេះ
កិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិងភរិយា
ជាមង្គលដ៏ឧត្តម ។
១៤. អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់ ។
នេះបានដល់ការចេះបែងចែកប្រភេទការងារឱ្យដាច់ដោយឡែកពីគ្នានិងបំពេញស្រេចរួចរាល់មិនទុកចោលកណ្តាលទី
។ អ្នកដែលធ្វើការមិនច្របូកច្របល់ គឺជាអ្នកដែលមានសេចក្តីព្យាយាម
ម៉ឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។
ធ្វើបានយ៉ាងនេះ ពិតជានាំមកសេចក្តីចម្រើនជាលំដាប់ ។ ដូច្នេះ
ការងារទាំងឡាយដែលមិនច្របូកច្របល់ ជាមង្គលដ៏ឧត្តម ។
១៥. ទានំ កិរិយាបរិច្ចាគទាន ។ ទាន
គឺការឱ្យហើយគោលដៅនិងបំណងនៃការឱ្យនេះ
គឺមិនមែនក្នុងបំណងដើម្បីទទួលបានការតបពីគេមកវិញឡើយ ។
បុគ្គលដែលបានឱ្យរបស់អ្វីម្យ៉ាងទៅបុគ្គលណា
ហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយ
បុគ្គលនោះមិនមែនជាអ្នកធ្វើទានទេ គឺជាអ្នកធ្វើវិនិយោគ ។
ការធ្វើទាន គឺដើម្បីកាត់បន្ថយនូវគម្លាតគ្នារវាងអ្នកមាននិងអ្នកក្រ
និងជាការលើកស្ទួយវប្បធម៌ចែករំលែក
ក៏ជាវិធីដើម្បីកុំឱ្យមនុស្សគិតតែពីការបាន
ដែលជាហេតុបង្កឱ្យមានទំនាស់ផ្សេងៗដោយសារដណ្តើមផលប្រយោជន៍ ។
ធ្វើទានបានដល់ការធ្វើអំណោយពីរយ៉ាងគឺ
ការឱ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជា សម្លៀកបំពាក់ ចំណីអាហារ
ផ្ទះសម្បែង និងថ្នាំព្យាបាលរោគជាដើមហៅថា អាមិសទាន គឺការឱ្យវត្ថុ
សម្ភារៈ១ និងការឱ្យចំណេះ វិជ្ជាគំនិតយោបល់ល្អ
ដើម្បីគេបានស្គាល់ខុសត្រូវ ស្គាល់ផ្លូវ
ទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់ បុណ្យបាបជាដើមហៅថា ធម្មទាន
គឺការឱ្យចំណេះវិជ្ជា គំនិតប្រាជ្ញា១ ។
កិរិយាដែលបានធ្វើនូវទានទាំងពីរប្រការនេះ ជាមង្គលដ៏ឧត្តម ។
១៦. ធម្មចរិយា កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ ។
បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១ កិរិយាមិនលួចប្លន់១
កិរិយាមិនប្រព្រឹត្តល្មើសក្នុងកាមតណ្ហា១
កិរិយាមិនកុហកឆបោកកេងប្រវញ្ច១ កិរិយាមិនពោលពាក្យញុះញង់ អុជអាល
បំបែកបំបាក់១ កិរិយាមិនពោលពាក្យអាក្រក់អសុរោះ១
កិរិយាមិនពោលពាក្យរោយរាយឥតប្រយោជន៍១
កិរិយាមិនលោភលន់លើទ្រព្យអ្នកដទៃ១
កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវ
គឺយល់ថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់
និងយល់តាមសភាវៈពិតនៃធម្មជាតិ និងលោកិយ១ ។
កិរិយាដែលចេះពិចារណាឱ្យបានជាក់ច្បាស់
ហើយប្រព្រឹត្តឱ្យបានត្រឹមត្រូវតាមធម៌ទាំង១០ប្រការនេះ
ជាមង្គលដ៏ឧត្តម ។
១៧. ញាតកានញ្ច សង្គហោ កិរិយាសង្គ្រោះញាតិទាំងឡាយ ។
ដែលហៅថាញាតិបានដល់បងប្អូនជាញាតិសន្តានទាំងពីរខាង
គឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមកនិងតាំងពីដូនតាទី៧ខាងបិតាចុះមក
(ដែលហៅថា ញាតិប្រាំពីរសន្តាន) ។
មនុស្សល្អតែងស្រឡាញ់រាប់អាននិងសង្គ្រោះ យឹតយោង លើកស្ទួយ
ផ្ចុងផ្តើមឱ្យញាតិសន្តានរបស់ខ្លួនឱ្យបានសិក្សាអប់រំ
មានមុខរបរការងារសុចរិតនិងជួយដាស់តឿនដឹកនាំឱ្យពួកគេដើរលើផ្លូវល្អ
ផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយត្ន
ប្រយែងក្រែងក្លាយជាជនអគតិគឺលម្អៀង ប្រព្រឹត្តប្រាសចាកច្បាប់
និងគុណធម៌ (ដោយសារតែការយោគយល់ថា ជាសាច់ញាតិ) ។ ដូច្នេះ
ការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយប្រពៃ
ជាមង្គលដ៏ឧត្តម ។
១៨. អនវជ្ជានិ កម្មានិ
កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ។
ការងារទាំងឡាយដែលផ្ទុយនឹងអំពើអាក្រក់ ទុច្ចរិត
អយុត្តិធម៌ទាំងឡាយលោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។
ការងារដែលមិនមានទោសដូចជា ការចិញ្ចឹមមាតា បិតា គ្រូអាចារ្យ
ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត
ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ថ្នល់ សាលារៀនជាដើម
និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់
ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ
ល្អអាក្រក់ ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះ
គឺជាការងារមិនមានទោស ។ ការប្រព្រឹត្តតែការងារមិនមានទោស
ជាមង្គលដ៏ឧត្តម ។
១៩. អារតី វិរតីបាបា
កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ។
ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹងឮ
ឬឃើញ គេគិត ឬកំពុងធ្វើអំពើអាក្រក់អំពើបាបទាំងឡាយ
មានការប្រព្រឹត្តខុសក្នុងកាម ការកុហកកេងប្រវញ្ច ឆបោក
និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬមានការកាប់សម្លាប់ជីវិត
ធ្វើទុក្ខបុកម្នេញ បៀតបៀតក្តីសុខដល់គ្នានឹងគ្នាជាដើមផង
ថែមទាំងមានក្តីសង្វេគតក់ស្លុត ចំពោះអំពើទាំងនោះទៀតផង ។
ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាបទាំងឡាយដូចដែលបានពោលមកហើយជាដើម
ព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អ
ធ្វើអាក្រក់ពិតជាបានអាក្រក់ ។ ដូច្នេះ
កិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ
ជាមង្គលដ៏ឧត្តម ។
២០. មជ្ជបានា ច សញ្ញាមោ
សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ។ នេះបានដល់ការតមសុរា
និងមេរ័យគ្រប់ប្រភេទ
ព្រោះបានយល់ច្បាស់នូវផលអាក្រក់នៃការផឹកទឹកស្រវឹងនេះដូចជាអស់ប្រាក់កាស
ខាតពេល វេលា ខូចសុខភាព ធ្វើឱ្យខ្សោយគំនិតប្រាជ្ញា និងជួនកាល
បណ្តាលឱ្យមានកិរិយាថោកទាបនិងឈ្លោះទាស់ទែងគ្នាទៀតផង ។
ដូច្នេះការពិចារណាឱ្យឃើញច្បាស់នូវទោសនៃសុរា
ហើយតាំងចិត្តព្យាយាមចៀសវាងឱ្យបាននូវ ការផឹកទឹកស្រវឹងគ្រប់ប្រភេទ
ជាមង្គលដ៏ឧត្តម ។
២១. អប្បមាទោ ច ធម្មេសុ ការមិនប្រមាទក្នុងធម៌ទាំងឡាយ ។
នេះបានដល់ការមិនធ្វេសប្រហែស ភ្លេចខ្លួន
ព្រោះថាការបណ្តោយខ្លួនឱ្យលង់លក់ទៅក្នុងអំពើអកុសលនិងអបាយមុខមានស្រី
ស្រា និងល្បែងស៊ីសងជាដើម
គឺជាមូលហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង ។
បុគ្គលមិនប្រមាទរមែងមិនភ្លេចខ្លួន ហើយតែងភ្ញាក់រឭក
យល់ត្រូវជានិច្ចដែលជាកត្តានាំមកនូវសេចក្តីចម្រើនដល់ខ្លួនឯងនិងសង្គមសមដូចពុទ្ធភាសិតថា
អប្បមាទោ អមតំបទំ ការមិនប្រមាទ ជាផ្លូវនៃក្តីមិនស្លាប់ ។
ដូច្នេះ ការមិនប្រមាទ ហើយភ្ញាក់រឭកព្យាយាមធ្វើតែអំពើ ល្អ សុចរិត
យុត្តិធម៌ ជាមង្គលដ៏ឧត្តម ។
២២. គាររោ ច កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ។
ការគោរពត្រូវប្រកបដោយអង្គបី គឺដោយកាយ គឺឱនលំទោនលើកដៃសំពះ១
ដោយវាចា គឺពោលពាក្យទន់ភ្លន់សុភាពរាបសា១ និងដោយចិត្ត
គឺមិនប្រមាថ១។ ឯបុគ្គលដ៏ជាទីគោរពនោះ
គឺបានដល់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់ទាំងឡាយមានព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យជាដើម១
បុគ្គលដែលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាលោកជាអ្នកប្រាជ្ញនិងអ្នកដឹកនាំរដ្ឋ
មានមន្ត្រី រាជការ ដែលមានភាពសុចរិតទៀងត្រង់
តាំងនៅក្នុងច្បាប់ជាដើម១
និងបុគ្គលដែលមានអាយុច្រើនដូចជារៀមច្បងនិងចាស់ព្រឹទ្ធាចារ្យ ជាដើម១
។ ការធ្វើនូវសេចក្តីគោរពចំពោះ គារវបុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម
។
២៣. និវាតោ ច កិរិយាប្រព្រឹត្តបន្ទាបខ្លួន ។
នេះបានដល់ការខិតខំជម្រុះនូវគំនិតដែលសម្គាល់ខ្លួនឯង
ជាតិសាសន៍ខ្លួន ជាតិត្រកូលខ្លួន ពូជអម្បូរខ្លួនថាប្រសើរជាងគេ ។
ព្រោះថា គំនិតនេះ នឹងនាំឱ្យកើតអស្មិមានៈក្នុងខ្លួន
ហើយមើលងាយអ្នកដទៃ
ដែលជាមូលហេតុឱ្យមានការប្រជែងវាសនានិងជាហេតុនៃសេចក្តីវិនាសអន្តរាយគ្រប់យ៉ាង
។ បុគ្គលទោះមានឋានៈ យសសក្តិ ទ្រពសម្បត្តិ ចំណេះវិជ្ជាយ៉ាងណាក្តី
បើជាបុគ្គលក្រអឺតក្រទម មិនសង្រួមទេនោះ
នឹងមិនទទួលបានការគោរពរាប់អាននិងកោតសរសើរឡើយ ប៉ុន្តែបើបែរជាបានវិញ
គឺបានតែពីសម្នាក់ពួកជនប្លម ប្រចុបប្រចែង និងជនពាលតែប៉ុណ្ណោះ ។
ដរាបណាគំនិតប្រកាន់ពូជសាសន៍ ជាតិ ត្រកូល
និងអស្មិមានៈបានត្រូវលះបង់អស់ហើយ ហើយប្រព្រឹត្តធ្វើតែអំពើល្អ
ព្រោះក្តីមិនប្រមាថ ដរាបនោះសេចក្តីសុខចម្រើននឹងកើតមានជាមិនខាន ។
ដូច្នេះការប្រព្រឹត្តបន្ទាបខ្លួន ជាមង្គលដ៏ឧត្តម ។
២៤. សន្តុដ្ឋី ច សេចក្តីសន្ដោសត្រេកអរចំពោះរបស់ដែលមាន ។
នេះបានដល់សភាពនៃចិត្តដែលត្រេកអរ ទៅតាមមានតាមបាន
គឺទៅតាមសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនដែលមាន ។
ព្រះពុទ្ធបានបង្រៀនមនុស្សឱ្យចេះខិតខំប្រឹងប្រែងព្យាយាមបំពេញការងារឱ្យយ៉ាងអស់ពីសមត្ថភាពនិងសក្តានុពលរបស់ខ្លួន
ប៉ុន្តែ ការដែលបានសម្រេចសមតាមបំណងប៉ុណ្ណា
ក៏តោងចេះឱ្យតម្លៃនិងពេញ ចិត្តរបស់ទាំងនោះ ព្រោះថាក្នុងលោកនេះ
ប្រសិនបើមនុស្សប្រាថ្នាអ្វីបានហ្នឹងនោះពិភពលោកមុខជាមិនបានគង់វង្សមកដល់ថ្ងៃនេះទេ
។ ម្យ៉ាងសោតរឿងពិតក្នុងលោកតែងតែមានការមិនសមបំណងជារឿយៗ ហេតុនេះ
ដើម្បីរស់នៅដោយចុះសម្រុងនិងមានក្តីសុខនោះ
គឺត្រូវចេះទទួលស្គាល់ការពិត
និងស្កប់ស្កល់ចំពោះអ្វីដែលបានមកពីការខិតខំរបស់ខួន ។
បុគ្គលដែលមានសន្ដានចិត្តសន្ដោស រមែងមិនភ្លើតភ្លើន លោភលន់ ភ្លេចខ្លួន
រហូតមើលងាយ ឬច្រណែននឹងអ្នកដទៃ នៅពេលដែលខ្លួនមានលាភ យសសក្តិ
ទ្រព្យសម្បត្តិក្តី ឬធ្លាក់ខ្លួនក្រខ្សត់បាត់យសសក្តិក្តី ។ ដូច្នេះ
ការ ព្យាយាមអប់រំចិត្តខ្លួនឱ្យបានជាចិត្តសន្ដោសយ៉ាងនេះ
ជាមង្គលដ៏ឧត្តម ។
២៥. កតញ្ញូតា
ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ។
បុគ្គលបែបនេះឈ្មោះថា កតញ្ញូបុគ្គល ។
បុគ្គលកតញ្ញូដែលបានតបស្នងសងឧបការគុណគេវិញឈ្មោះថា
កតញ្ញូកតវេទីបុគ្គល ។ ឯបុគ្គលដែលបានធ្វើឧបការគុណ
គឺសេចក្តីល្អគ្រប់យ៉ាងដល់អ្នកដទៃឈ្មោះថា បុព្វការី ។ មាតាបិតា
ជាបុព្វការីរបស់កូន ព្រោះលោកបានបង្កើត
ព្រោះលោកបានបង្ហាត់បង្រៀនបុត្រ ។ ព្រះសម្មាសម្ពុទ្ធ
ជាបុព្វការីរបស់ពុទ្ធបរិស័ទនិងមនុស្ស សត្វទាំងឡាយ
ព្រោះព្រះអង្គបានព្យាយាមរកឃើញនូវមាគ៌ារំដោះទុក្ខ
គឺអដ្ឋង្គិកមគ្គ ដើម្បីមនុស្ស សត្វ ទេព្តាទាំងអស់ ៘
បើមិនមានបុព្វការីជនមានមាតាបិតាជាដើមទេនោះ
សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីកចម្រើនបានឡើយ
តោងប្រយត្នបុគ្គលខ្លះដឹងថាយើងជាមនុស្សមិនបំភ្លេចគុណនិងតែងតបស្នងសងគុណគេវិញជាប្រក្រតីនោះ
ក៏បានឆ្លៀតឱកាសបង្កហេតុ ហើយ ធ្វើជាមកជួយយកអាសាយើង
ដើម្បីឱ្យយើងជំពាក់គុណគេ (ទើបគេឱ្យយើង
ធ្វើអ្វីម្យ៉ាងដែលនាំមកនូវផលអាក្រក់ណាមួយ) ។ ដូច្នេះ
ការខិតខំកសាងខ្លួនឱ្យបានជា កតញ្ញូកតវេទីបុគ្គលផង
ទាំងបុព្វការីបុគ្គលផង ជាមង្គលដ៏ឧត្តម ។
២៦. កាលេន ធម្មស្សវនំ កិរិយាស្តាប់នូវធម៌តាមកាល ។ ធម៌
ជាផែនទីសម្រាប់ស្វែងរកកំណប់ គឺផលប្រយោជន៍និងក្តីសុខក្នុងជីវិត ។
ប្រការនេះបានដល់ការខិតខំឆ្លៀតពេលដ៏មមាញឹកនៃជីវិតប្រចាំថ្ងៃ
ទៅស្តាប់ព្រះធម៌យ៉ាងហោចណាស់មួយអាទិត្យបានម្តង
ព្រោះថាធម៌គឺជាគុណជាតិបំភ្លឺបង្ហាញប្រាប់ឱ្យស្គាល់ខុស ស្គាល់ត្រូវ
គុណទោស ល្អអាក្រក់ បុណ្យបាបយ៉ាងសត្យានុម័ត
ដែលអាចយកទៅប្រព្រឹត្តបានសេចក្តីសុខខ្លួនឯងនិងសង្គមជាតិ
(ចំពោះទស្សនៈដែលថា ចាំដល់ចាស់ ឬពេលចូលនិវត្តន៍ពីការងារ
សឹមស្តាប់ធម៌នោះ ជាទស្សនៈមិនត្រឹមត្រូវឡើយ) ។
ដរាបណាមានអ្នកប្រព្រឹត្តប្រតិបត្តិធម៌ គឺសេចក្តីល្អកាន់តែច្រើន
ដរាបនោះសង្គមជាតិនិងពិភពលោកកាន់តែរីកចម្រើននិងសុខសាន្ត ។ ដូច្នេះ
ការព្យាយាមស្តាប់ធម៌តាមកាល ជាមង្គលដ៏ឧត្តម ។
២៧. ខន្តិ ច សេចក្តីអត់ធ្មត់ ។ ខន្តី
គឺសភាពនៃចិត្តស្ងៀមស្ងាត់ស្ងប់រម្ងាប់នឹងនរ
ទោះត្រូវរងនូវអំពើអាក្រក់បែបណាមួយដូចជារងការប្រមាថ
ឬភាពអយុត្តិធម៌ជាដើម ។ តាមធម្មតាក្នុងស្ថានភាពបែបនេះ
អ្នកដែលគ្មានខន្តី រមែងមានសេចក្តីក្រោធខឹងក្តៅក្រហាយជាប្រាកដ
ហើយតែងតបទៅវិញដោយអំពើហិង្សា ឬពាក្យទ្រគោះដោយប្រការណាមួយមិនខាន
ដែលជាហេតុនាំមកនូវជម្លោះគ្រប់ប្រភេទ ។
ចំណែកឯអ្នកមានខន្តីធម៌វិញ ពេលរងនូវអំពើអាក្រក់បែបណា
រមែងមិនក្រោធខឹង មិនក្តៅក្រហាយផ្តេសផ្តាសឡើយ
ហើយតែងមានប្រតិកម្មទៅវិញដោយអហិង្សាប្រកបដោយវិចារណញ្ញាណយ៉ាងថ្លៃថ្នូរបំផុត
ដែលជាហេតុនាំមកនូវសុខសន្តិភាពយ៉ាងប្រពៃ
ប្រការនេះគួរតែមិនមែនមានន័យថា ទោះជាត្រូវរងគ្រោះអយុត្តិធម៌យ៉ាងណា
ក៏មិនអើពើឡើយ ។ តាមពិត បើឃើញថាគួរតែឆ្លើយតបនោះគឺតោងតែឆ្លើយតប
ប៉ុន្តែធ្វើដោយចិត្តស្ងប់មិនមែនធ្វើតាមកំហឹង ។ ដូច្នេះ
ការព្យាយាមកសាងអប់រំខ្លួនឱ្យមានសន្ដានចិត្តប្រកបដោយខន្តី
គឺសេចក្តីអត់ធន់ដ៏ប្រពៃ ហើយជាមង្គលដ៏ឧត្តម ។
២៨. សោវចស្សតា
ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ ។ មនុស្សប្រដៅដោយងាយ
គឺជាអ្នកដែលឆាប់ទទួលយកនូវដំបូន្មានឪពុកម្តាយ គ្រូ អាចារ្យ
ចាស់ព្រឹទ្ធាចារ្យ និងមតិយោបល់របស់បណ្ឌិតទាំងឡាយ
ព្រោះភាពខ្លួនជាអ្នកឈ្លាសវៃមានការចេះដឹងច្រើន
ឆាប់ពិចារណាឃើញនូវហេតុផលច្បាស់លាស់ថែមទាំងជាបុគ្គលមានចិត្តបើកទូលាយ
បន្ទាបខ្លួនមិនប្រកាន់មានៈ តែទោះយ៉ាងណាតោងតែធ្វើដោយបញ្ញា
ប្រយត្នត្រូវជនពាលបញ្ចុះបញ្ចូល អូសទាញឱ្យលុះក្នុងគំនិតគិតខុស ។
ឯអ្នកដែលមិនលុះតាមដំបូន្មានមាតាបិតានិងបណ្ឌិតជាដើម
ក៏ព្រោះតែភាពនៃខ្លួនជា អ្នកមិនឆ្លៀសវៃ មិនមានការចេះដឹង
ម្ល៉ោះហើយក៏មានការងងឹតងងល់ក្នុងអស្មិមានៈយ៉ាងធ្ងន់ធរ ។
មានតែការខិតខំរៀនសូត្រនិងស្តាប់ធម៌ទេសនាជាដើមទេ
ទើបអាចធ្វើខ្លួនឱ្យទៅជាបុគ្គលងាយប្រដៅបាន ។ ដូច្នេះ
ការខិតខំកសាងខ្លួនឱ្យបានក្លាយជាបុគ្គល ដែលគេងាយប្រដៅ
ជាមង្គលដ៏ឧត្តម ។
២៩. សមណានញ្ច ទស្សនំ កិរិយាបានឃើញ
បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រម្ងាប់ហើយ ។ សមណៈ
គឺជាបព្វជិតដែលលះបង់ផ្ទះទៅបួស
ហើយខិតខំប្រព្រឹត្តប្រតិបត្តិធម៌ធ្វើកាយ វាចា ចិត្តឱ្យស្ងប់ស្ងាត់
ចាកកិលេស គឺលោភៈ ទោសៈ មោហៈ
មានឥរិយាបថស្ងប់ស្ងាត់ស្រគត់ស្រគំគួរជាទីគោរពជ្រះថ្លានៃជនទាំងពួង
។ លើសពីនេះទៅទៀត សមណៈទាំងឡាយ
លោកតែងឱ្យដល់អ្នកដែលបានមកជួបនូវដំបូន្មានដ៏ប្រពៃជាមាគ៌ាសម្រាប់ប្រព្រឹត្តប្រតិបត្តិឱ្យបានសុខចម្រើនក្នុងជាតិនេះនិងជាតិខាងមុខ
។ ដូច្នេះ ការបានជួបនឹងសាមណៈទាំងឡាយ ជាមង្គលដ៏ឧត្តម ។
៣០. កាលេនធម្មសាកច្ឆា កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល ។
នេះបានដល់ការចេះបែងចែកពេលវេលាឱ្យមានឱកាសសម្រាប់ជួបជុំគ្នាញឹកញាប់
ដើម្បីពិក្សាផ្លាស់ប្តូរយោបល់គ្នា
អំពីធម៌វិន័យក្រោមអធិបតីភាពនៃលោកអ្នកចេះដឹងជ្រៅជ្រះដែលជាអ្នកមានគុណធម៌
និងសីលធម៌ខ្ពង់ខ្ពស់ ដើម្បីអាចបំបាត់នូវចម្ងល់គ្រប់យ៉ាងបាន ។
មួយសោត
ដើម្បីពិភាក្សាដោះស្រាយនូវបញ្ហានានានិងស្វែងរកនូវការចុះសម្រុងគ្នា
។ ទង្វើបែបនេះ
ក៏ជាការសាបព្រោះនូវវប្បធម៌អហឹង្សានិងសន្តិភាពផងដែរ ។ ធ្វើយ៉ាងនេះ
គឺពិតជាបានបង្កើតនូវការចេះដឹងរបស់ខ្លួនឱ្យបានទូលំទូលាយច្បាស់លាស់ជាបន្តបន្ទាប់
ដែលអាចយកទៅប្រព្រឹត្តប្រតិបត្តិបានត្រឹមត្រូវនិងកើតផលប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិពិតប្រាកដ
។ ដូច្នេះ
កិរិយាចូលរួមក្នុងការសន្ទនាសាកសួរធម៌តាមកាលជាមង្គលដ៏ឧត្តម ។
៣១. តបោ ច សេចក្តីព្យាយាមដុតនូវបាបធម៌ ។
បាបធម៌បានដល់លោភៈ
គឺការជាប់ចិត្តលោភលន់ហួសហេតុទៅលើសម្ភារៈគ្រប់យ៉ាង១ ទោសៈ
គឺចិត្តប្រទូសរ៉ាយ ស្អប់ ក្រោធខឹងគ្រប់យ៉ាង១ និងមោហៈ
គឺក្តីងងឹតងងល់ វង្វេងវង្វាន់ មានកាប់សម្លាប់ លួចប្លន់ និងកុហកឆបោក
កេងប្រវញ្ចជាដើម ។
រីឯតបៈធម៌បានដល់ការព្យាយាមដុតបំផ្លាញនូវកិលេសទាំងបីខាងលើផងនិងព្យាយាមកសាងនូវអំពើល្អគ្រប់យ៉ាងមានទាន
សីល ភាវនា សាងផ្លូវថ្នល់សាលារៀនជាដើមផង
ដែលសុទ្ធតែមានប្រយោជន៏ដល់ខ្លួនឯងនិងសង្គមជាតិយ៉ាងពិតប្រាកដ ។
ដូច្នេះ សេចក្តីព្យាយាម ដុតនូវបាបធម៌ ជាមង្គលដ៏ឧត្តម ។
៣២. ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ។
នេះបានដល់កិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរ ទាំង ៨ យ៉ាងគឺ៖
មិនសម្លាប់ជីវិតសត្វ១ មិនលួចប្លន់១ មិនប្រព្រឹត្តស្នេហា១
មិនភូតកុហក១ មិនផឹកទឹកស្រវឹង១ មិនបរិភោគពេលរសៀលនិងយប់១
មិនរាំច្រៀង លេងភ្លេង និងមិនតុបតែងកាយដោយគ្រឿងអលង្ការ១
មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីដ៏ប្រសើរពេក១ ។
នេះគឺជាការប្រព្រឹត្តសង្រួមកាយ វាចា ចិត្តយ៉ាងប្រពៃ
ដែលមានប្រយោជន៍ដល់ខ្លួនឯង
ព្រោះបានធ្វើចិត្តឱ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដល់សង្គមជាតិ
ព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ ។ ដូច្នេះ
កិរិយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម ។
៣៣. បរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ។
អរិយសច្ច ធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់៤យ៉ាងគឺ ទុក្ខសច្ចៈ
សេចក្តីទុក្ខ១ សមុទយសច្ចៈ ហេតុនៃសេចក្តីទុក្ខ១ និរោធសច្ចៈ
ទីដែលក្តីទុក្ខត្រូវបានរំលត់១ និងមគ្គសច្ចៈ វិធីរំលត់ទុក្ខ១។
សេចក្តីពិតនៃជីវិតមនុស្ស សត្វ ទេព្តា ក្នុងត្រៃភព
គឺពោរពេញទៅដោយសេចក្តីទុក្ខប្រែប្រួលឥតខ្លឹមសារទាំងអស់។
មូលហេតុនៃសេចក្តីទុក្ខនេះ គឺបណ្តាលមកពីជីវិត
ដែលពោរពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង ។
ដរាបណាកិលេសតណ្ហាត្រូវបានរំលត់អស់ហើយ
ដរាបនោះសេចក្តីទុក្ខក៏មិនមានទៀតឡើយ ។ ព្រះអរិយបុគ្គលទាំងឡាយ
មានព្រះពុទ្ធជាប្រធានសុទ្ធតែបានយល់ច្បាស់នូវអរិយសច្ចធម៌នេះ
ហើយព្យាយាមប្រព្រឹត្ត ប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ា
ដើម្បីរំលត់ទុក្ខប្រកបដោយអង្គ៨ គឺអដ្ឋង្គិកមគ្គ
ទើបបានរំលត់កិលេសតណ្ហាឆ្លងផុតពីសេចក្តីទុក្ខគ្រប់យ៉ាង ។
ដូច្នេះកិរិយាឃើញនូវអរិយសច្ចធម៌ជាមង្គលដ៏ឧត្តម ។
៣៤. និព្វាន សច្ឆិរិយា ច
កិរិយាធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ។
នេះបានដល់ការប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់ សីល សមាធិ
បញ្ញា ឱ្យចេញជាលទ្ធផលច្បាស់លាស់ ។ ព្រះនិព្វាន
គឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ
បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨គឺសម្មាទិដ្ឋិ
គឺការយល់ឃើញត្រឹមត្រូវពិតប្រាកដ១ សម្មាសង្កប្បៈ
គឺការត្រិះរិះត្រឹមត្រូវ គឺគិតនិងរម្លត់តណ្ហា១ សម្មាវាចា
គឺការពោលតែពាក្យត្រឹមត្រូវ១ សម្មាកម្មន្តៈ គឺការប្រព្រឹត្ត
ធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១ សម្មាអាជីវៈ
គឺការប្រកបមុខរបរត្រឹមត្រូវដោយចៀសវាងនូវអំពើបាប៥យ៉ាងមានការលក់មនុស្សជាដើម១
សម្មាវាយាមៈ គឺការព្យាយាមត្រឹមត្រូវ
គឺព្យាយាមលះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើឱ្យអស់
និងព្យាយាមចៀសវាងមិនធ្វើអំពើអាក្រក់ជាថ្មីទៀត
ព្យាយាមរក្សាគុណធម៌និងសេចក្តីដែលមានស្រាប់ឱ្យមានតាំងនៅនិងកាន់តែចម្រើនឡើង
ព្យាយាមសាងគុណធម៌និងក្តីល្អដែលមិនទាន់មានឱ្យមានជាប្រាកដ១
សម្មាសតិ គឺការរឭកដ៏ត្រឹមត្រូវមានការរឭកនូវ
វេទនាខាងក្នុងនិងវេទនាខាងក្រៅជាដើម១ និងសម្មាសមាធិ
គឺការតម្កល់ចិត្តឱ្យខ្ជាប់ខ្ជួនក្នុងអារម្មណ៍តែមួយ១ ។ ដូច្នេះ
ការប្រព្រឹត្តប្រតិបត្តិក្នុងមាគ៌ាប្រកបដោយអង្គ៨រហូតធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន
ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោកជាមង្គលដ៏ឧត្តម ។
៣៥. ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ
ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ។ លោកធម៌ គឺជាធម្មជាតិ
ជាទីប្រាថ្នា និងជាទីស្អប់របស់មនុស្ស
និងជាធម៌ដែលតែងកើតមាននៅក្នុងលោកដល់មនុស្សគ្រប់រូប
មិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬមិនចេះធម៌ឡើយ
ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬជាសាសនិករបស់សាសនាណាមួយឡើយ ។
លោកធម៌មាន៨ប្រការគឺ មានលាភ១ ឥតលាភ១ មានយស១ ឥតយស១ សរសើរ១ និន្ទា១
សុខ១ ទុក្ខ១ ។
អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធានរមែងមិនញាប់ញ័រ
គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង៨នេះឡើយ
ទើបពួកលោករមែងរស់នៅជាក្សេមក្សាន្តជានិច្ច ។ ដូច្នេះ
ការព្យាយាមអប់រំចិត្តឱ្យបានទៅជាចិត្តដែលមិនញាប់ញ័រដោយលោកធម៌ទាំង៨នេះ
ជាមង្គលដ៏ឧត្តម ។
៣៦. អសោកំ ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ ។
មនុស្សគ្រប់រូបតែងតែជួបនូវអារម្មណ៍
គឺហេតុការណ៍គ្រប់យ៉ាងរាល់នាទីនៃជីវិតរបស់ខ្លួន ។
ជាការពិតណាស់តាំងពីភ្ញាក់ពីដំណេកដឹងខ្លួនឡើងត្រចៀកជួបនឹងស៓ឡេង
ភ្នែកជួបនឹងរូប ច្រមុះជួបនឹងក្លិន អណ្តាតជួបនឹងរសជាតិ
កាយប៉ះនឹងវត្ថុគ្រប់យ៉ាង ។ អារម្មណ៍ទាំងនេះ
ខ្លះជាទីពេញចិត្តនាំឱ្យសប្បាយ
ខ្លះជាទីស្អប់ខ្ពើមនាំឱ្យខឹងមួម៉ៅក្តៅក្រហាយ ។ ប៉ុន្តែ
ព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធ
ចាកកិលេសតណ្ហា លោភៈ ទោសៈ មោហៈហើយនោះ
លោកមិនសោយសោកក្តៅក្រហាយនឹងអារម្មណ៍ទាំងឡាយនោះឡើយ ។
ដូច្នេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅ
ជាមង្គលដ៏ឧត្តម ។
៣៧. វីរជំ ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ។
នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបី
គឺលោភៈចិត្ត ស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាង
ដែលនាំឱ្យមានសេចក្តីលោភលន់គ្មាន ទីបំផុត១ ទោសៈចិត្ត
ថ្នាំងថ្នាក់ស្អប់ខ្ពើម ក្រោធខឹង ទោមនស្ស
ប្រទូស្តនឹងសម្ភារៈគ្រប់យ៉ាងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១
មោហៈចិត្ត
វង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុច្ចរិត១
។ ដូច្នេះ
កិរិយាអប់រំចិត្តឱ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេស
ជាមង្គលដ៏ឧត្តម ។
៣៨. ខេមំ ចិត្តក្សេមក្សាន្ត ។
នេះបានដល់សន្តានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយដែលមានព្រះពុទ្ធ
ជាប្រធាន ដែលបានឆ្លងផុតពីអន្លង់ទាំង៤គឺ ៖ អន្លង្ល់គឺកាមតណ្ហា១
អន្លង់គឺភពទាំងបី១ អន្លង់គឺទិដ្ឋិយល់ខុស១ និងអន្លង់គឺអវិជ្ជា
ការមិនយល់មិនដឹងនូវសច្ចធម៌១ ។
ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤ហើយ
គឺជាចិត្តស្អាតបរិសុទ្ធនិងស្ងប់ក្សេមក្សាន្តក្រៃលែង ។ ដូច្នេះ
កិរិយាខំកសាងខ្លួនគឺអប់រំចិត្តឱ្យបានទៅជាចិត្តក្សេមក្សាន្តយ៉ាងនេះ
ជាមង្គលដ៏ឧត្តម ។
បុគ្គលទាំងឡាយណាបានខិតខំកសាងខ្លួនដោយខិតខំប្រព្រឹត្តប្រតិបត្តិនូវមង្គលទាំង៣៨ប្រការនេះឱ្យបរិបូណ៌
ហើយ រមែងមិនចាលចាញ់ក្នុងទីទាំងពួង
រហូតសម្រេចមគ្គផលនិព្វានជាទីអវសាន ៕
អត្ថបទនេះ ខ្ញុំបានយកចេញពី វេបសាយ វិគីភីឌា
វត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ( Lybunnarith.blogger.com/ ...........Facebook/Konbroskamprea@.............. Facebook/Prakambelpagoda7777@...............................
No comments:
Post a Comment