Friday, December 2, 2016

កុំចូលចិត្តខឹងស្អប់ និងច្រណែននិងអ្នកដទៃ!

    បើសិនជាយើងជាមនុស្សឆ្លាតមែន!  យើងមិនគប្បីទៅខឹងស្អប់និងច្រណែនជាមួយភាពមានបាន និងការសម្រេចជោគជ័យរបស់អ្នកដទៃណាម្នាក់ឡើយ!  តែយើងគប្បីងាកមកគិតពិចារណា ស្វែងរកភាពខ្វះខាតរបស់យើង ហើយព្យាយាមបំពេញបន្ថែមលើចំណុចដែលខ្វះខាតទាំងនោះ ឲ្យពេញបរិបូណ៌ នោះទើបជាកិច្ចការងារដែលយើងត្រូវធ្វើដោយពិត!  ...........
  បើសិនជាយើងជាមនុស្សឆ្លាតមែន!  យើងមិនគប្បីទៅខឹងស្អប់និងច្រណែនជាមួយភាពមានបាន និងការសម្រេចជោគជ័យរបស់អ្នកដទៃណាម្នាក់ឡើយ!  តែយើងគប្បីងាកមកគិតពិចារណា ស្វែងរកភាពខ្វះខាតរបស់យើង ហើយព្យាយាមបំពេញបន្ថែមលើចំណុចដែលខ្វះខាតទាំងនោះ ឲ្យពេញបរិបូណ៌ នោះទើបជាកិច្ចការងារដែលយើងត្រូវធ្វើដោយពិត!  .................................................។




  ភាពល្ងង់ខ្លៅរបស់បុគ្គលម្នាក់ៗ ធ្វើឲ្យបុគ្គលនោះ រមែងបាត់បង់នូវសតិសម្បជញ្ញៈ មិនខ្វល់ខ្វាយស្វែងរកឧបាយឬវិធីសាស្ត្រល្អៗ ដើម្បីបង្កើននូវសមត្ថភាពខ្លួនឯងឲ្យកាន់តែប្រសើរ  បែរទៅជា យកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ទៅខឹងស្អប់ ច្រណែន និងអ្នកដទៃ ដោយគេប្រសើរជាងខ្លួន មានបានជាងខ្លួន! ចេះដឹងជាងខ្លួន! ។ល។ ......................... តើអ្នកដែលប្រសើរជាងយើងទាំងនោះ  គេបានធ្វើអ្វីខ្លះ មុននិងជោគជ័យនៅថ្ងៃនេះ?  តើយើងធ្លាប់គិតដូច្នេះទេ? ...........................។

  ចូរក្រោកឈរនៅថ្ងៃនេះ ហើយបន្តដំណើរទៅមុខ លើវិថីជិវិតរបស់អ្នក! សម្លឹងមើលឲ្យច្បាស់ ថាតើគោលដៅពិតរបស់អ្នកជាអ្វី?  ហើយអ្នកដើរដល់ណាហើយ?   អ្នកត្រូវការអ្វីខ្លះដើម្បីបន្តដំណើរជោគជ័យរបស់អ្នក លើវិថីដ៏វែងឆ្ងាយនិងសែនលំបាកមួយនេះ?

ត្រូវដឹងថា  ក្រៅខ្លួនអ្នក គឺគ្មាននរណាម្នាក់ អាចសម្រេចនូវបំណងប្រាថ្នារបស់អ្នកបានឡើយ!


   ព្រះសម្មាសម្ពុទ្ធ ទ្រង់បានសម្តែងថា  ពាក្យចាក់ដោតរបស់បុគ្គលដទៃ អ្នកមិនគប្បីយកមកទុកក្នុងខ្លួនឡើយ!  បុគ្គលគប្បីពិចារណា នូវកិច្ចការរបស់ខ្លួន ដែលធ្វើរួចហើយ និងមិនទាន់រួចហើយ របស់ខ្លួនតែម្យ៉ាង ។

  ក្នុងសេចក្តីនេះ  យើងគប្បីពិចារណាថា  ពេលវេលារបស់យើងពិតជាមានតម្លៃណាស់ ហើយមានច្រើន មិនយូរឡើយ បើយើងម្នាក់ៗ រវល់តែយកពេលវេលាទាំងនេះ​ទៅគិតគូ រឿងដែលឥតប្រយោជន៍ទាំងនោះ យើងក៏នឹងកន្លងបង់នូវប្រយោជន៍ដោយឥតន័យដោយពិត! ទីបំផុតនៃភាពចង្អៀតចង្អល់របស់អ្នក ដែលបង្កើតចេញមកដោយការខឹងស្អប់ និងច្រណែននិងគេនោះ ចុងក្រោយសល់ត្រឹមតែ វិប្បសារី​ ភាពឯកោ  នឹងបន្តកើងឡើងជាប់តាមជីវិតរបស់អ្នកដូចជាស្រមោល ដែលអន្ទរទៅតាមប្រាណ ។

ចាប់ផ្តើមថ្ងៃនេះទៅណា  កុំចាំស្អែកទៀតឡើយ  ផ្តល់នូវស្នាមញញឹម របស់អ្នកទៅកាន់មនុស្សទាំងឡាយ ដែលនៅជុំវិញខ្លួនរបស់អ្នក មិនខ្វល់ថាគេជាអ្នកណាឡើយ!  គ្រាន់តែអ្នកគិតថា អ្នកទាំងនោះ គឺជាក្តីស្រឡាញ់របស់អ្នក ហើយអ្នកគប្បីផ្តល់នូវអ្វី ដែលគេចង់បានពិតៗ  នោះគឺ (  ស្នាមញញឹមរបស់អ្នក ) ព្រោះថា មនុស្សទាំងអស់ នៅលើពិភពលោកយើងនេះ  មានសេចក្តីប្រាថ្នាតែម្យ៉ាងប៉ុណ្ណោះដែលដូចគ្នា គឺ  សេចក្តីសុខ ។

  បើយើងផ្តល់សេចក្តីសុខ ឲ្យអ្នកដទៃ អ្នកដទៃ និងផ្តល់នូវក្តីសុខនោះ មកយើងវិញជាក់ជាមិនខានឡើយ ។

( អត្ថបទ ដោយខ្ញុំ លី ប៊ុណ្ណារិទ្ធ )



No comments:

Post a Comment