Sunday, December 25, 2016

តើថ្ងៃខែ​ឆ្នាំល្អនិងអាក្រក់មែនឬ?

តើអ្នកយល់យ៉ាងណាដែល ?  នៅពេលដែលគេសួរអ្នកថា តើថ្ងៃនេះ ល្អ? ឬ អាក្រក់? ។

ចំពោះអ្នក គិតយ៉ាងណា?  ជឿឬទេ ថាថ្ងៃ និងខែ ឆ្នាំ ពិតជា នាំសំណាង និង នាំនូវអព្វមង្គល មកឲ្យអ្នកពិតប្រាកដមែននោះ?  ហិហិហិ វាពិតជារឿងខុសស្រឡះតែម្តង! គ្មានជោជ័យណាមួយ ដែលកើតឡើង ដោយគ្មានការប្រឹងប្រែងតស៊ូនិងយកចិត្តទុកដាក់នោះឡើយ! មិនថាកិច្ចការតូច ឬធំប៉ុណ្ណានោះទេ វាតែងតែសម្រេចឡើង ដោយការតស៊ូនិងយកចិត្តទុកដាក់ទាំងអស់ ។ ជាការពិតណាស់ ថ្ងៃ ខែ វាគ្រាន់តែ ការកំណត់ចំណាំ នូវជោគជ័យរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ! ។

Monday, December 19, 2016

រឿង បាបកម្មរំលោភភរិយារបស់គេ ( ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស )

  សិក្សាប្រវត្តិរឿងរាវរបស់ ព្រះបច្ចេកពុទ្ធ ព្រះមហាបុទុម ។  ដំណើររបស់សព្វសត្វក្នុងត្រៃភពនេះ ពិតជាមិនទៀងសោះឡើយ  សេចក្តីទុក្ខ ច្រើនជាងសេចក្តីសុខ ការនិរាស្រ្តប្រាស់ព្រាត់ តែងតែកើងឡើងជារឿយៗ គ្រប់ពេលវេលា គ្រប់វិនាទីនៃជីវិត!  សត្វលោក មានតែសេចក្តីខ្វះខាត សត្វលោកមានតែការខកចិត្ត សត្វលោកមានតែ សេចក្តីសោក ជាចុងក្រោយនៃជីវិត ឥតមានសេចក្តីសុខ ឥតមានការឆ្អែតនិងគ្រប់គ្រាន់ឡើយ សម្រាប់សត្វលោក ដែលមិនមានបញ្ញា ។

Sunday, December 4, 2016

អ្នកដើរ​ ជម្នះខ្លួនឯង!







   តោះ!  យើងចាប់ផ្តើមទាំងអស់គ្នា នៅថ្ងៃនេះជាមួយគ្នាណា!  ពួកយើងនឹងបង្កើតបាននូវភាពជោគជ័យដ៏ត្រចះត្រចង់មួយក្នុងជីវិតរបស់ពួកយើង ប្រសិនបើយើង  ចាប់ផ្តើម ប្រយុទ្ធប្រឆាំងនិងភាពខ្ជិលរបស់ពួកយើងនៅថ្ងៃនេះ   ។



Friday, December 2, 2016

កុំចូលចិត្តខឹងស្អប់ និងច្រណែននិងអ្នកដទៃ!

    បើសិនជាយើងជាមនុស្សឆ្លាតមែន!  យើងមិនគប្បីទៅខឹងស្អប់និងច្រណែនជាមួយភាពមានបាន និងការសម្រេចជោគជ័យរបស់អ្នកដទៃណាម្នាក់ឡើយ!  តែយើងគប្បីងាកមកគិតពិចារណា ស្វែងរកភាពខ្វះខាតរបស់យើង ហើយព្យាយាមបំពេញបន្ថែមលើចំណុចដែលខ្វះខាតទាំងនោះ ឲ្យពេញបរិបូណ៌ នោះទើបជាកិច្ចការងារដែលយើងត្រូវធ្វើដោយពិត!  ...........

Tuesday, November 29, 2016

ពោធិបក្ខិយសង្គហៈ

ពោធិបក្ខិយសង្គហៈ

ពោធិបក្ខិយសង្គហៈ នេះ កាលចែកចេញជាបទ ហើយបាន​៣បទ គឺ៖ ពោធិ + បក្ខិយ + សង្គហៈ
ពោធិ ប្រែថា ត្រាស់ដឹង សំដៅយកការត្រាស់ដឹងនូវការធ្វើឲ្យអស់​ទៅ​​នៃ​អាសវៈ គឺត្រាស់ដឹងនៃអរិយសច្ច៤។
បក្ខិយ ប្រែថា ជាផ្នែក គឺជាផ្នែកនៃមគ្គញាណ។
សង្គហៈ ប្រែថា ដោយសង្ខេប ឬរួបរួម។
ពោធិបក្ខិយសង្គហៈ គឺសំដៅយកការបង្រួបបង្រួមធម៌ដែលជា​ផ្នែកនៃមគ្គញាណ។ វចនត្ថៈ​របស់ពោធិបក្ខិយសង្គហៈ​សំដែង​ថា៖
ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ
ប្រែថា ធម្មជាតិណា ត្រាស់ដឹងនូវអរិយសច្ច៤ដូច្នេះ ធម្មជាតិនោះ​​ហៅថា ពោធិ
អង្គធម៌បានដល់ បញ្ញា ដែលប្រកបក្នុងមគ្គចិត្ត៤។ ក្នុងមហា​និទ្ទេស​ព្រះបាលី មានសំដែងថា៖
ពោធិ វុច្ចតិ ចតូសុ មគ្គេសុ ញាណំ ប្រែថា ញាណក្នុងមគ្គចិត្ត៤ ឈ្មោះថា ពោធិ។
ពោធិយា បក្ខេ ភវាតិ = ពោធិបក្ខិយា ប្រែថា ធម៌ដែលកើតនៅក្នុង​ផ្នែកមគ្គញាណ៤ ឈ្មោះថា ពោធិបក្ខិយ បានដល់​ពោធិបក្ខិយធម៌​៣៧​ប្រការ។
ពោធិបក្ខិយានំ សង្គហោតិ = ពោធិបក្ខិយសង្គហោ
ប្រែថា ការបង្រួបបង្រួមធម៌ដែលជាផ្នែកនៃមគ្គញាណ៤ ដូច្នោះឈ្មោះថា ពោធិបក្ខិយសង្គហៈ
ក្នុងពោធិបក្ខិយសង្គហៈ មានពួកធម៌៧កង ហើយបើពោលដោយប្រភេទ​មាន៣៧ប្រការ ដូចមានក្នុងគាថាសង្គហៈថា៖
គាថាសង្គហៈទី៦
ឆន្ទោ ចិត្តមុបេក្ខា ច    សទ្ធាបស្សទ្ធិបីតិយោ
សម្មាទិដ្ឋិ ច សង្កប្បោ   វាយាមោ វិរតិត្តយំ។ 
គាថាសង្គហៈទី៧
សម្មាសតិ សម្មាធីតិ      ចុទ្ទសេតេ សភាវតោ
សត្តតឹសប្បភេទេន        សត្តធា តត្ថ សង្គហោ។
ប្រែសេចក្តីក្នុង គាថាទី៦-៧ ថា៖ ពោធិបក្ខិយធម៌ទាំងនេះ បើពោល​ដោយអង្គធម៌ មាន១៤គឺ ឆន្ទ១ ចិត្ត១ តត្រមជ្ឈត្តតា១ សទ្ធា១ បស្សទ្ធិ១ (កាយបស្សទ្ធិ និងចិត្តបស្សទ្ធិ ទាំង២នេះរាប់យកតែ១) បីតិ១ បញ្ញា១ វិតក្ក១ វិរិយ១ វិរតិ៣ សតិ១ ឯក្កតា១ រួមទាំងអស់ជា១៤។
បើពោលដោយប្រភេទ មាន៣៧ប្រការ។
បើសង្គ្រោះដោយពួកៗ មាន៧កង យ៉ាងនេះគឺ៖
១-សតិប្បដ្ឋាន      មាន៤ប្រភេទ
២-សម្មប្បធាន      មាន៤ប្រភេទ
៣-ឥទ្ធិបាទ           មាន៤ប្រភេទ
៤-ឥន្ទ្រិយ             មាន៥ប្រភេទ
៥-ពលៈ               មាន៥ប្រភេទ
៦-ពោជ្ឈង្គ           មាន៧ប្រភេទ
៧-អដ្ឋង្គិកមគ្គ     មាន៨ប្រភេទ
ដូចព្រះបាលីក្នុងមហាសតិប្បដ្ឋានសូត្រ សំដែងថា៖
ភគវា ឯតទវោច ឯកាយនោ ឯកាយនោ អយំ ភិក្ខវេ មគ្គោ សត្តានំ វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ ទុក្ខទោមនស្សានំ អត្ថង្គមាយ ញាយស្ស អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ យទិទំ ចត្តារោ សតិបដ្ឋានា។
ប្រែថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា៖ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺ សតិប្បដ្ឋានទាំង៤នេះ ជាផ្លូវមូលតែ១ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បី​រំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបានសម្រេចនូវអរិយមគ្គ ប្រកប​ដោយ​អង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។
១-សតិប្បដ្ឋាន
បណ្តាសព្វសត្វទាំងឡាយ ដែលត្រូវអន្ទោលវិលវល់ ស្លាប់-កើត នៅក្នុងវដ្តទុក្ខ តាមហេតុ តាមបច្ច័យយ៉ាងអនេក រាប់ភព រាប់ជាតិ​មិនអស់នេះ ដ៏រាបណាដែលព្រះសម្មាសម្ពុទ្ធអង្គម្ចាស់​ នៅមិនទាន់​បាន​ឧប្បត្តិកឡើងក្នុងលោក ដ៏រាបនោះ ក៏រមែងនឹង​ត្រូវអន្ទោល​វិល​វល់ ស្លាប់-កើត ជាប់បន្តគ្នាទៅទៀត មិនមានទីបំផុតឡើយ។ កាលបើ​ព្រះសម្មាសម្ពុទ្ធអង្គនោះ ព្រះអង្គ​ឧប្បត្តិក​ឡើងក្នុង​លោក ដោយបាន​ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ឃើញច្បាស់នូវ ព្រះនិព្វាន ជាទីមិនមានការអន្ទោលវិលវល់ ស្លាប់-កើត តទៅ​ទៀត និងទ្រង់​បង្ហាញផ្លូវដែលជាដំណើរទៅកាន់ព្រះនិព្វាននោះ សុទ្ធសឹងជាផ្លូវឯក ផ្លូវតែមួយប៉ុណ្ណោះ ដែល​នឹងញ៉ាំង​មកនូវ​សេចក្តី​បរិសុទ្ធហ្មត់ហ្មង ឲ្យ​ដល់សត្វទាំងឡាយបាន ផ្លូវនោះក៏គឺ សតិប្បដ្ឋាន៤
ក្នុងព្រះសូត្រនេះ ព្រះអង្គទ្រង់សម្តែងនូវហេតុ និងផលពិសេស នៃសតិប្បដ្ឋានទុកយ៉ាងនេះគឺ៖
ហេតុ គឺជាផ្លូវមូលតែមួយ ដែលជាដំណើរទៅកាន់ព្រះនិព្វាន។
ផល គឺអ្នកចំរើនក្នុងផ្លូវ គឺសតិប្បដ្ឋាននេះ នឹងបានទទួលផល​ពិសេស៧ប្រការ៖
១-សេចក្តីបរិសុទ្ធហ្មត់ហ្មងចាកកិលេស
២-កន្លងផុតសោកចាកសេចក្តីសោក
៣-កន្លងផុតចាកសេចក្តីខ្សឹកខ្សួល
៤-កន្លងផុតចាកសេចក្តីទុក្ខតាមផ្លូវកាយ
៥-កន្លងផុតចាកទោមនស្សតាមផ្លូវចិត្ត
៦-បានសម្រេចនូវអរិយមគ្គ
៧-បានជាក់ច្បាស់នូវព្រះនិព្វានក្នុងភពនេះ
ពាក្យថា “សត្តានំ វិសុទ្ធិយា” ដើម្បីសេចក្តីបរិសុទ្ធនៃសត្វ​ទាំងឡាយ មានសេចក្តីអធិប្បាយថា សត្វទាំងឡាយបានឈ្មោះថា​ស្អាតបរិសុទ្ធ ព្រោះមានចិត្តស្អាតបរិសុទ្ធចាកកិលេសទាំងឡាយ មានលោភៈជាដើម មិនមែនបានន័យថាស្អាតបរិសុទ្ធ ព្រោះមាន​រូបរាង​​កាយស្អាតបាតនោះទេ ព្រោះហេតុនោះ សត្វទាំងឡាយនឹង​ឈ្មោះថាបរិសុទ្ធ ឬមិនបរិសុទ្ធ គឺសៅហ្មង ក៏គឺអាស្រ័យនឹងចិត្តដែល​បរិសុទ្ធ ឬសៅហ្មងនោះឯង “កាលបើចិត្តសៅហ្មងហើយ ទុក្ខគតិនឹង​មានប្រាកដ កាលបើចិត្តមិនសៅហ្មង សុគតិនឹងមានប្រាកដ” កាលបើ​ចិត្តបរិសុទ្ធ មិនសៅហ្មងសោះ ដោយប្រការទាំងពួង ដោយបាន​សម្រេច​គឺ ព្រះអរហន្ត​ក៏រមែងរំលត់​ក្នុងសង្សារវដ្ត​ទាំងអស់​បាន មិន​ត្រឹមតែទុក្ខក្នុងអបាយប៉ុណ្ណោះទេ ដូច្នេះមគ្គ គឺសតិប្បដ្ឋាន៤នេះ​ជាផ្លូវមូលតែមួយ ដើម្បីសេចក្តីបរិសុទ្ធនែសត្វទាំងឡាយ ហើយធ្វើ​​សត្វ​ទាំងឡាយឲ្យរលត់ទុក្ខបានដោយពិត។
ពាក្យថា “ទុក្ខទោមនស្សានំ អដ្ឋង្គមាយ” ដើម្បីរំលត់បង់​នូវទុក្ខ និងទោមនស្ស មានសេចក្តីអធិប្បាយថា ដើម្បី​សេចក្តី​តាំងនៅ នឹងបាននៃទុក្ខ គឺសេចក្តីទុក្ខតាមកាយ និងសតិ និងទោមនស្ស គឺ​សេចក្តី​ទុក្ខតាមផ្លូវចិត្ត។ ដូច្នេះមគ្គ គឺសតិប្បដ្ឋាន៤នេះ មាន​អនុភាព ធ្វើដោយសេចក្តីទុក្ខ និងទោមនស្សតាំងនៅមិនបាន។
ពាក្យថា “ញាយស្ស អធិគមាយ” ដើម្បីសម្រេចនូវញេយ្យធម៌ មានសេចក្តីអធិប្បាយថា អរិយមគ្គដែលប្រកបដោយអង្គ៨ មាន​​សម្មាទិដ្ឋិជាដើម ព្រះអង្គហៅថា(ញេយ្យធម៌) ព្រោះជាធម៌ដែល​បណ្ឌិតគប្បីដឹង គប្បីចាក់ធ្លុះ។ ប៉ុន្តែថា អរិយមគ្គនេះ ជា​លោកុត្តរមគ្គ ជាអ្នកខាងចុង ដែលបុគ្គលគប្បីសម្រេចចាក់ធ្លុះបាន ដោយការ​ចម្រើនសតិប្បដ្ឋាន៤ ដែលជាលោកិយមគ្គ ជាអ្នក​ខាងដើម​សិន និង​សម្រេចបាន ដោយវៀរចាកការចម្រើនសតិប្បដ្ឋានមិនបានឡើយ សូម្បី​អ្នកដែល​សម្រេច​ចាក់ធ្លុះភ្លាមៗ​ក្នុងពេល​ស្តាប់ធម៌ទេសនា​ចប់ក៏ដោយ។ ដូច្នេះមគ្គ គឺសតិប្បដ្ឋាន៤នេះ ជាផ្លូវញ៉ាំងឲ្យការសម្រេច​ចាក់ធ្លុះនូវ​ញេយ្យធម៌បានដោយពិត។
កាយេ កាយានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។
ប្រែថា ពិចារណាឃើញនូវកាយក្នុងកាយទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបទទាំង៤ មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅនូវ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី(ជាគ្រឿងកំណត់)កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្សក្នុងលោកចេញ១។
វេទនាសុ វេទនានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។
ប្រែថា ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយជា​ប្រក្រតី គ្រប់ឥរិយាបទទាំង៤ មានព្យាយាមជាគ្រឿងដុតកំដៅនូវ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី(ជាគ្រឿងកំណត់)កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្សក្នុងលោកចេញ១។
ចិត្តេ ចិត្តានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។
ប្រែថា ពិចារណាឃើញនូវចិត្តក្នុងចិត្តទាំងឡាយជា​ប្រក្រតី គ្រប់​ឥរិយាបទទាំង៤ មានព្យាយាមជាគ្រឿងដុតកំដៅនូវ​កិលេស ជា​អ្នក​ដឹងខ្លួន មានស្មារតី​ (ជាគ្រឿងកំណត់) កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្សក្នុងលោកចេញ១។
ធម្មេសុ ធម្មានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។
ប្រែថា ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជា​ប្រក្រតី គ្រប់​ឥរិយាបទទាំង៤ មានព្យាយាមជាគ្រឿងដុតកំដៅនូវ​កិលេស ជា​អ្នក​ដឹងខ្លួន មានស្មារតី​ (ជាគ្រឿងកំណត់) កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្សក្នុងលោកចេញ១។
សតិប្បដ្ឋានមាន៤ប្រភេទ
១-កាយានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំនៅក្នុងការរឮកដឹង នូវលក្ខណៈនៃសភាវរូបត្រង់កាយ ដែលកំពុងប្រាកដ គឺខ្យល់​ដក​​ដង្ហើម​ចូល-ចេញ ឥរិយាបទធំ-តូចជាដើម ដោយអាការៈប្រាសចាក​តួខ្លួន សត្វ បុគ្គលជារឿយៗ អង្គធម៌បានដល់ សតិចេតសិក ដែល​ប្រកបក្នុងមហាកុសលចិត្ត៨ មហាកិរិយាចិត្ត៨ លោកុត្តរចិត្ត៨។
២-វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំនៅក្នុងការរឮកដឹង​នូវលក្ខណៈនៃសភាវនាមត្រង់វេទនាដែលកំពុងប្រាកដ គឺ សុខ ទុក្ខ ព្រងើយៗ​ដោយអាការៈប្រាសចាក តួខ្លួន សត្វ បុគ្គលជារឿយៗ អង្គធម៌​បានដល់ សតិចេតសិក ដែលប្រកបក្នុងមហាកុសលចិត្ត៨ មហាកិរិយាចិត្ត៨ លោកុត្តរចិត្ត៨។
៣-ចិត្តានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំនៅក្នុងការរឮកដឹងនូវ លក្ខណៈនៃសភាវនាមត្រង់ចិត្ត ដែលកំពុងប្រាកដ គឺ ចិត្តមាន​រាគៈ ចិត្តមានទោសៈជាដើម ដោយអាការៈប្រាសចាក តួខ្លួន សត្វ បុគ្គលជារឿយៗ អង្គធម៌​បានដល់ សតិចេតសិក ដែលប្រកបក្នុង​
មហាកុសលចិត្ត៨ មហាកិរិយាចិត្ត៨ លោកុត្តរចិត្ត៨។
៤-ធម្មានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំនៅក្នុងការរឮកដឹងនូវ លក្ខណៈនៃសភាវរូប ឬសភាវនាមត្រង់ធម្មៈ ដែលមិន​មែនជា​កាយ ជាវេទនា ជាចិត្ត ដែលកំពុងប្រាកដ គឺមាននីវរណៈ៥ ខន្ធ៥ជាដើម ដោយអាការប្រាសចាក តួខ្លួន សត្វ អង្គធម៌​បានដល់ សតិចេតសិក ដែលប្រកបក្នុងមហាកុសលចិត្ត៨ មហាកិរិយាចិត្ត៨ លោកុត្តរចិត្ត៨។
ចំពោះអង្គធម៌ របស់សតិប្បដ្ឋាននៅក្នុងទីនេះ ជាការសំដែង​យ៉ាង​ទូលំទូលាយ តាំងអំពីការចាប់ផ្តើមសតិជាតំបូង​ទៅ ទើប​អង្គធម៌​​បាន​ដល់ សតិ ដែលប្រកបក្នុងមហាកុសលញាណវិប្បយុត្ត​ចិត្ត​៤​ផង។
ឯព្រះអរហន្ត កាលមានបំណងចម្រើនសតិប្បដ្ឋាន ក៏អាស្រ័យ​មហាកិរិយាចិត្ត៨ និងទាំងរាប់បញ្ចូលដល់សតិ ដែលប្រកប​ក្នុង​​លោកុត្តរចិត្ត៨ទៀត។
ប៉ុន្តែ បើពោលនូវការចម្រើនសតិប្បដ្ឋានដោយត្រង់ ដើម្បីឲ្យ​វិបស្សនាកើតឡើង រហូតដល់មគ្គញាណទាំង៤នោះ រមែង​ត្រូវតែ​​អាស្រ័យសតិ ដែលប្រកបក្នុងមហាកុសលញាណសម្បយុត្តចិត្ត និង​សម្មាសតិដែលជាអង្គមគ្គ ដែលប្រកប​ក្នុងមគ្គចិត្ត៤​នោះ​ប៉ុណ្ណោះ។
កាយានុបស្សនាសតិប្បដ្ឋាន
កាយានុបស្សនា កាលបើចែកហើយបាន៣បទ គឺៈ
កាយ + អនុ + បស្សនា
កាយ ប្រែថា ប្រជុំដោយ​ ដី ទឹក ភ្លើង ខ្យល់ ជាដើម បានដល់រូបធម៌
អនុ ប្រែថា តាម
បស្សនា ប្រែថា ឃើញ
កាយានុបស្សនា ប្រែថា តាមឃើញកាយរឿយៗ បានសេចក្តីថា តាំងសតិកំណត់ពិចារណា តាមឃើញ​នូវកាយ​ដោយ​បញ្ញា​ជារឿយៗ រហូតដល់វិបស្សនាកើតឡើងឃើញ កាយ គឺរូបធម៌តាមសេចក្តីពិត ដែលមិនមែនជាសត្វ បុគ្គល តួខ្លួន យើង គេ ឯងឡើយ ត្រឹមតែ​ជារូបធម៌ ជាធាតុមិនដឹង ជារបស់មិនស្អាត មានការបែកធ្លាយ ផុយរលួយទៅវិញជាធម្មតា។
កាយានុបស្សនាសតិបដ្ឋាន សតិតាំងមាំនៅក្នុងការពិចារណា​រឿយៗនូវ កាយ គឺរូបធម៌នោះ។
ឥធ ភិក្ខវេ ភិក្ខុ កាយេ កាយានុបស្សី វិហរតិ អាតាបី សម្បជានោ សតិមា វិនេយ្យ លោកេ អភិជ្ឈាទោមនស្ស។
ឥធ អជ្ឈត្តំ វា កាយេ កាយានុបស្សី វិហរតិ ពហិទ្ធា វា កាយេ កាយានុបស្សី វិហរតិ អជ្ឈត្តំ វិហរតិ វា កាយេ កាយានុបស្សី វិហរតិ សមុទយធម្មានុបស្សី វា កាយស្មឹ វិហរតិ វយធម្មា​នុបស្សី វា កាយស្មឹ វិហរតិ សមុទយវយធម្មានុបស្សី វា កាយស្មឹ វិហរតិ។
ឥធ កាយោ តិ​ វា បនស្ស សតិ បច្ចុបដ្ឋិតា ហោតិ យាវទេវ ញាណមត្តាយ បដិស្សតិមត្តាយ។ អនិស្សិតោ ច វិហរតិ ន ច កិញ្ចិ លោកេ ឧបាទិយតិ។
ឯវម្បិ ភិក្ខវេ ភិក្ខុ កាយេ កាយានុបស្សី វិហរតិ។
ប្រែថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញជា​រឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មាន​ព្យាយាម​​ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿង​​កំណត់)កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។
        ភិក្ខុពិចារណាឃើញជារឿយៗ នូវកាយក្នុងកាយ ជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណា​​ឃើញជារឿយៗ នូវកាយក្នុងកាយ ជាខាងក្រៅ (កាយ​របស់​បុគ្គលដ៏ទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញជា​រឿយៗ នូវកាយក្នុងកាយ ខាងក្នុង និងខាងក្រៅ (កាយ​របស់ខ្លួន និងកាយរបស់បុគ្គលដ៏ទៃ) ជាប្រក្រតីគ្រប់ឥរិយាបថ​ទាំង​៤ផង ពិចារណាឃើញជារឿយៗ​ នូវធម៌ដែលប្រជុំកើតឡើង​ក្នុងកាយ​គ្រប់ឥរិយាបថទាំង៤ផង ពិចារពាឃើញជារឿយៗ នូវធម៌​ដែល​សូន្យ​ទៅក្នុងកាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​ជារឿយៗ នូវធម៌ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌ដែលសូន្យ​ទៅក្នុង​កាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀតស្មារតី (ជាគ្រឿង​កំណត់កាយ) របស់ភិក្ខុនោះ ក៏ផ្ចង់គើងចំពោះថា កាយមានមែន (តែមិន​មែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតី​ប៉ុណ្ណោះ។
        ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថ​ទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។
        ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញជារឿយៗ នូវកាយ​ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
       ពាក្យថា កាយេ កាយានុបស្សី ប្រែថា ពិចារណាឃើញ​រឿយៗ នូវកាយក្នុងកាយ គឺជាអ្នកតាមពិចារណាឃើញរឿយៗ​នូវរូប​កាយ​ប៉ុណ្ណោះ មិនមែនជាអ្នកតាមពិចារណាឃើញវេទនា ចិត្ត ឬធម៌​ទេ។ ការពិចារណាឃើញក្នុងអ្វី? ក្នុងកាយ គឺក្នុងរូបរាងកាយ សរីរៈ នោះហ្នឹងឯង។
        ដូច្នេះ ពាក្យថា កាយេ ប្រែថា ក្នុងកាយគឺក្នុងរូបរាងកាយ ឬ​សរីរៈ។ ព្រះមានព្រះភាគទ្រង់តាំង កាយនេះ ក៏គួរដល់កាល​កំណត់​​​ដឹង និងលះបង់ នូវ ភវសញ្ញាជាដើមចេញ មិនឲ្យច្រឡូក​ច្រឡំគ្នា។
        ពាក្យថា កាយានុបស្សី ប្រែថា ពិចារណាឃើញនូវកាយ គឺតាមពិចារណាឃើញរឿយៗ ត្រឹមតែជារូបធម៌ មានធាតុដីជាដើម​ប៉ុណ្ណោះ តាមសមគួរដល់កម្មដ្ឋាននោះៗ រហូតដល់ឃើញថា មាន​ការ​កើតឡើង រលត់ទៅ មិនទៀង ជាទុក្ខ ជាអនត្តា មិនមែនជាសត្វ មិនមែនជាបុគ្គល តួខ្លួន មិនមែនស្រី មិនមែនប្រុស ពោលគឺ មានសតិរឮកដឹងនូវរូបកាយតាមសេចក្តីពិត ដោយសភាពជា រូបធម៌ ក្នុង១៤បព្វៈ នោះជាប្រក្រតីធម្មតាក្នុងជីវិតប្រចាំថ្ងៃ។
        ពាក្យថា វិហរតិ ប្រែថា ជាប្រក្រតីគ្រប់ឥរិយាបថទាំង៤ គឺឲ្យ​ប្រព្រឹត្ត​​ទៅជានិច្ច គឺពិចារណាជារឿយៗនោះឯង។
        ពាក្យថា អាតាបី អង្គធម៌បានដល់ វិរិយចេតសិក គឺមាន​សេចក្តីព្យាយាមជាគ្រឿងដុតកំដៅកិលេស ដោយការកំណត់កាយ (រូបធម៌) ជាអារម្មណ៍។
        ពាក្យថា សម្បជានោ អង្គធម៌បានដល់ បញ្ញាចេតសិក មានន័យថា មានសេចក្តីដឹងខ្លួន គឺប្រកបដោយបញ្ញាដឹងច្បាស់​នូវ​អារម្មណ៍​តាមសេចក្តីពិត ថាជារូបធម៌ ឬជានាមធម៌។
        ពាក្យថា សតិមា អង្គធម៌បានដល់ សតិចេតសិក មានន័យ​ថា មានស្មារតី គឺប្រកបដោយសតិ មិនភ្លេចភ្លាំងស្មារតី តាមរឮក​នូវ​អារម្មណ៍កម្មដ្ឋាន​(រូបធម៌) តាមសេចក្តីពិតដែលកំពុងប្រាកដ។
        ឯបញ្ញា​ដែលតាមពិចារណា​ឃើញ កាយ តាមសេចក្តីពិតយ៉ាង​នេះ រមែងមានដល់បុគ្គល អ្នកមានសម្បជ្ជញ្ញៈ គឺសេចក្តី​ដឹងខ្លួន​ព្រម មិនវង្វេង​ភ្លេចស្មារតីជានិច្ចគ្រប់ពេល ដោយមានការញ៉ាំងសតិចូល​ទៅតាំងទុកត្រង់កាយជារឿយៗ ជាប់តៗគ្នាប៉ុណ្ណោះ ដែលសំរេច​បាន ដោយអាស្រ័យសេចក្តីព្យាយាម។ ព្រោះហេតុនោះ ទើបអាចពោល​បានថា បញ្ញាដែលអាចដឹង អាចឃើញបាន នូវកាយ តាមសេចក្តី​ពិតយ៉ាងនេះ រមែងសំរេចបាន ព្រោះភាពជាបុគ្គលអ្នកប្រកបដោយ​ធម៌៣ប្រការគឺ សេចក្តីព្យាយាម១ សម្បជ្ជញ្ញៈ​សេចក្តី​ដឹងខ្លួន១ សតិ​ស្មារតីរឮកបាន១។
        ឯសតិដែលចូលទៅតាំងទុកត្រង់កាយ ដែលប្រកបព្រមដោយ​ធម៌២យ៉ាងដ៏ទៃ គឺសេចក្តីព្យាយាម គ្រឿងដុតកំដៅកិលេស និង​សម្បជ្ជញ្ញៈ សេចក្តីដឹងខ្លួននេះឯង ដែលឈ្មោះថា កាយា​នុបស្សនាសតិប្បដ្ឋាន
        ពាក្យថា វិនេយ្យ ប្រែថា កំចាត់បង់ គឺបាននាំចេញ ដោយ​តទង្គវិនេយ្យ។
        ពាក្យថា លោកេ ប្រែថា ក្នុងលោក គឺរបស់ដែលវិនាសបាន បែកធ្លាយបាន គឺក្នុងឧបាទានក្ខន្ធ៥ បានដល់រូបក្ខន្ធ និងនាមក្ខន្ធ ប្រជុំរួមគ្នា ដែលជាទីកើតនៃលោភៈ និងទោសៈនោះឯង។
        ពាក្យថា អភិជ្ឈា អង្គធម៌បានដល់ លោភៈចេតសិក គឺ​សេចក្តីស្រឡាញ់ ពេញចិត្ត ដែលមានកាយសម្បត្តិជាមូល។
        ពាក្យថា ទោមនស្សំ អង្គធម៌បានដល់ ទោសៈចេតសិក ដែលកើតរួមជាមួយនឹងទោមនស្សវេទនា គឺ សេចក្តីមិនស្រឡាញ់ ស្អប់ មិនពេញចិត្តដែលមានកាយវិបត្តិជាមូល។
        សេចក្តីថា សតិប្បដ្ឋាន នេះឯង កំចាត់បង់នូវលោភៈ និង​ទោសៈ បានពិតប្រាកដ។ ការដែលបុគ្គលនឹងប្រារព្ធនូវបដិបទាអ្វីណា​មួយ ដើម្បីកំចាត់បង់នូវលោភៈ និងទោសៈ បានពិតប្រាកដជា​ដាច់ខាត បដិបទានោះត្រូវតែបានដល់សតិប្បដ្ឋានប៉ុណ្ណោះ ព្រោះ​សតិប្បដ្ឋាន ជាមជ្ឈិមាបដិបទា។ មជ្ឈិមាបដិបទា ជាបដិបទា​ចម្រើនអរិយមគ្គមានអង្គ៨ ចម្រើន សីល សមាធិ បញ្ញា។
        ឯការកំចាត់បង់លោភៈ និងទោសៈនេះ និងកំចាត់បង់ក្នុងធម៌អ្វី​ណាៗដ៏ទៃ មិនបានទេ គឺ កំចាត់បង់ ក្នុងលោកគឺឧបាទានក្ខន្ធ៥ ដែលជាទីកើតនៃលោភៈ និងទោសៈនោះឯង។
        ពាក្យថា ឥធ អជ្ឈត្តំ វា កាយេ កាយានុបស្សី ប្រែថា ភិក្ខុណាពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងនេះមានន័យ​ថា តាម​​ពិចារណា​ឃើញនូវរូបធម៌តាមសេចក្តីពិត ដែលមិនមែនជា​សត្វ បុគ្គល តួខ្លួន យើង គេ ស្រី ប្រុស មានការកើតឡើង-រលត់ទៅ មិនទៀង ជាទុក្ខ ជាអត្តា ។
        ក្នុងកាយ គឺក្នុងរូបរាងកាយសរីរៈ ជាខាងក្នុង គឺកាយដែលជា​របស់​​ខ្លួន​ឯង ដែលប្រកាន់ថា ជាខ្លួននោះ។
        ពាក្យថា ពហិទ្ធា វា​ កាយេ កាយានុបស្សី វិហរតិ ប្រែថា ជាខាងក្រៅនេះមានន័យថា តាមពិចារណាឃើញនូវរូប តាម​សេចក្តី​​​ពិត ដែលមិនមែនជាសត្វ បុគ្គល តួខ្លួន ក្នុងកាយ គឺ​ក្នុងរូបរាង​កាយសរីរៈ ជាខាងក្រៅគឺ កាយដែលជារបស់អ្នកដ៏ទៃ ដោយ​បង្អោន​​តាមការ​ឃើញក្នុងរូបរាងកាយរបស់ខ្លួន មានទំនងយ៉ាងនេះថា របស់​ខ្លួនយ៉ាងណា របស់អ្នកដ៏ទៃក៏យ៉ាងនោះ។
        ពាក្យថា អជ្ឈត្តំ ពហិទ្ធា វា កាយេ កាយានុបស្សី វិហរតិ ប្រែថា ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ទាំងខាងក្នុង និងទាំង​ខាង​ក្រៅនេះមានន័យថា តាមពិចារណាឃើញនូវរូបធម៌​តាមសេចក្តី​ពិត ដែល​មិនមែនជាសត្វ បុគ្គល តួខ្លួន ក្នុងរូបរាងកាយ ទាំងខាងក្នុងគឺ ទាំង​ដែល​ជារបស់ខ្លួន ទាំងខាងក្រៅគឺទាំងដែលជារបស់អ្នកដ៏ទៃ។
សេចក្តីនេះ ​ព្រះ​មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់ទុកដើម្បី​បង្ហាញ​​​​​ដល់សភាព​ប៉ិន​​ប្រសព្វ ឈ្លាសវៃក្នុងកម្មដ្ឋាន របស់ភិក្ខុអ្នក​ប្រតិបត្តិ ប្រារព្ធក្នុង​កាយរបស់ខ្លួនខ្លះ របស់អ្នកដ៏ទៃខ្លះ ហាក់ដូច​និយាយបានថា ព្រមៗ​គ្នា។
                ពាក្យថា សមុទយធម្មានុបស្សី វា កាយស្មឹ វិហរតិ ប្រែថា ពិចារណាឃើញនូវធម៌ដែលប្រជុំកើតឡើងក្នុងកាយ នេះ​មានន័យ​ថា អ្នកបដិបត្តិ​យ៉ាងនេះ រមែងកើតមានដឹងច្បាស់ ឃើញច្បាស់ការកើត​ឡើងក្នុងរូបធម៌នៃបុព្វណាមួយ ពោលគឺ ឃើញ​បច្ច័យ​ដែលធ្វើ​ឲ្យរូប​ធម៌កើតឡើង មានចិត្ត និងវាយោធាតុដែលកើតអំពីចិត្តជាដើម រហូតដល់ក្នុងរូបកាយទាំងពួង ពោលគឺ ឃើញ​បច្ច័យដែល​ជា​សាធារណៈនៃរូបខន្ធ ដែលបានដល់៖
-អវិជ្ជា      សេចក្តីមិនដឹងនូវអរិយសច្ច៤
-តណ្ហា     សេចក្តីប្រាថ្នាត្រូវការ
-ឧបាទាន សេចក្តីប្រកាន់មាំ
-កម្ម          គឺ កុសល និងអកុសល ដែលធ្វើទុក ដែលជាបច្ច័យ​អតីត
-អាហារ   គឺអាហារដែលបរិភោគចូលទៅ ដើម្បីគាំទ្ររូបខន្ធ ឲ្យ​តាំង​នៅបានរហូតអស់មួយជីវិត ដែលជាបច្ច័យ​បច្ចុប្បន្ន។
ដូច្នេះ រូបខន្ធទាំងអស់ មានការកើតឡើងជាធម្មតា ព្រោះបច្ច័យ​យ៉ាងនេះឯង។
ពាក្យថា វយធម្មានុបស្សី វា កាយស្មឹ វិហរតិ ប្រែថា ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ នេះមានន័យថា អ្នក​ប្រតិបត្តិយ៉ាងនេះ រមែងឃើញនូវការរលត់ទៅជាធម្មតាក្នុងរូបធម៌នៃ​បុព្វ​ណាមួយ រហូតបានដល់ក្នុងរូបកាយទាំងអស់ ព្រោះហេតុនែ​បច្ច័យ​ទាំងនោះ មានចិត្ត មានអវិជ្ជាជាដើមនោះឯង រលត់ទៅ។
ពាក្យថា សមុទយវយធម្មានុបស្សី វា កាយស្មឹ វិហរតិ ប្រែថា ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌​ដែលសូន្យទៅក្នុងកាយ នេះមានន័យថា រមែងកើតមាន ដឹងច្បាស់ ឃើញច្បាស់នូវកាតកើតឡើង ព្រោះបច្ច័យ​កើតឡើង​ជាធម្មតា​តាម​កាល​​ដ៏​សមគួរ រមែងកើតមានដឹងច្បាស់ ឃើញច្បាស់នូវការរលត់ទៅ ព្រោះបច្ច័យរលត់ទៅជាធម្មតាតាមកាលសមគួរ។ សេចក្តីនេះ ព្រះ​មាន​ព្រះភាគ ព្រះអង្គសម្តែងដល់សភាពដែលបញ្ញាញាណរបស់អ្នក​បដិបត្តិចាស់ក្លា រហូតអាច​ឃើញទាំង​ការកើត​ឡើង ទាំងការរលត់ទៅ​ក្នុងអារម្មណ៍តែមួយជាមួយគ្នា ដែលជាការបដិបត្តិប្រព្រឹត្តទៅដើម្បី​កើតនូវវិប្បស្សនាបញ្ញានោះឯង។
ពាក្យថា អត្ថិ កាយោតិ វា បនស្ស សតិ បច្ចុបដ្ឋិតា ហោតិ​។ល។ ជាដើម ប្រែថា មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើង​ចំពោះថា កាយមានមែន ជាដើម មានន័យថា សតិរបស់ភិក្ខុនោះ ដែលប្រកបនឹងបញ្ញា តាមពិចារណាឃើញនូវកាយានេះ រមែង​ប្រាកដដល់គេថា “កាយ គឺរូបកាយ ឬរូបក្ខន្ធប៉ុណ្ណោះ មានពិតមែន ប៉ុន្តែ សត្វក្តី បុគ្គលក្តី ស្រីក្តី ប្រុសក្តី អត្តាក្តី វត្ថុជារបស់អត្តាក្តី រមែងមិនមាន” ហើយសតិហ្នឹងទៀត មិនបានប្រព្រឹត្តទៅដើម្បី​ប្រយោជន៍យ៉ាងដ៏ទៃទៀតទេ គឺ​ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់​ញាណ គឺជាបច្ច័យដល់ញាណ សេចក្តីដឹងដ៏ក្រៃលែង ចម្រើនតទៅ​ប៉ុណ្ណោះ និងដើម្បីបង្កើននូវកម្លាំងនៃសតិ​ ជាប់បន្តទៅជាលំដាប់ ប៉ុណ្ណោះជាប្រមាណ បានសេចក្តីថា ប្រព្រឹត្តទៅត្រឹមតែចម្រើននៃ​សតិ និងសម្បជញ្ញៈ។ ការសំខាន់របស់សតិ ក៏មានត្រឹមតែប៉ុណ្ណោះ សតិក៏មានការកើតឡើង រលត់ទៅជាធម្មតា ដូចដឹងខន្ធដ៏ទៃៗ​ទាំងឡាយ​ដែរ កាលបើការសំខាន់របស់សតិ ប្រាកដមានត្រឹមតែ​ប៉ុណ្ណោះ ក៏រមែងជាអ្នកប្រតិបត្តិ មានចិត្ត មិនអាស្រ័យដោតណ្ហា គឺចំណង់ចង់បានសតិ ដែលប្រកបនឹងបញ្ញានោះៗ និងមិនអាស្រ័យ​ដោយទិដ្ឋិ គឺសេចក្តីឃើញខុសពីសេចក្តីពិតរបស់សតិទេ ព្រោះដោយ​ហេតុមានយ៉ាងនេះឯង ទើបជាអ្នកបរិសុទ្ធ មិនមានសេចក្តីប្រកាន់អ្វីៗ​តិចតួចក្នុងរូប ឬវេទនា ឬសញ្ញា ឬសង្ខារ ឬវិញ្ញាណ ថានេះជា​អត្តាតួខ្លួន ឬជាវត្ថុរបស់អត្តាតួខ្លួនឡើយ ហើយក៏ជាការសម្រេចទី​បំផុតនៃការបដិបត្តិតាមប្រការដូចបានពោលមកនេះឯង ឈ្មោះថា ជាអ្នកពិចារណាឃើញ កាយក្នុងកាយនោះឯង។
កាយានុបស្សនាសតិបដ្ឋាន សតិតាំងមាំនៅត្រង់កាយ ក្នុងការ​ពិចារណារឿយៗនូវ កាយ គឺរូបធាតុ នោះមាន១៤ពួក ឬ​១៤បព្វៈ ៖
១-អានាបានបព្វៈ ពួកធម៌ ដែលសតិចូលទៅតាំងមាំនៅត្រង់​កាយ ក្នុងការកំណត់ដឹងនូវខ្យល់ដកដង្ហើម កាលដក​ដង្ហើម​ចូលវែង ឬខ្លី កាលដកដង្ហើមចេញវែង ឬខ្លី។
២-ឥរិយាបថបព្វៈ ពួកធម៌ ដែលសតិចូលទៅតាំងមាំនៅត្រង់​កាយ ក្នុងការកំណត់ដឹង នូវឥរិយាបថធំ កាលដើរ កាលឈរ កាលអង្អុយ កាលដេក។
៣-សម្បជញ្ញបព្វៈ ពួកធម៌ ដែលសតិចូលទៅតាំងមាំនៅត្រង់​កាយ ក្នុងការកំណត់ដឹងនូវសម្បជញ្ញៈ គឺសេចក្តីដឹងខ្លួន ក្នុង​ឥរិយាបថ​តូច កាលដើរទៅមុខ ឬថយក្រោយ កាលក្រឡេកមើល​ទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ កាលបត់ដៃជើង ឬលាដៃជើង​​កាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ កាលបរិភោគ ផឹក ទំពារ លេប​បឺត ជញ្ជក់ កាលបន្ទោបង់នូវឧច្ចារៈ បស្សាវៈ កាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។

អង្គនៃ សិក្ខាបទ និងអកុលសកម្មបថ

អង្គនៃសិក្ខាបទ និងអកុសលកម្មបថ

សិក្ខាបទនីមួយៗសុទ្ធតែមានអង្គរបស់វាដើម្បីរក្សា។ ការធ្វើអកុសលកម្មណាមួយ ដោយចេតនាក្តី ដោយការធ្វេសប្រហែសក្តី បើមិនគ្រប់អង្គនៃសិក្ខាបទនោះៗទេ ឈ្មោះថាមិនដាច់សីល ប៉ុន្តែវាជាទុច្ចរិតកម្ម មានពៀរព្រោះមានចិត្តបន្លំ បំភាន់ធ្វើអោយអ្នកដទៃវង្វេង មានចិត្តចងគំនុំ ឬព្យាបាទអ្នកដទៃអោយវិនាស​ដោយប្រការណាមួយ។

អកុសលកម្មបទ១០ ចែកចេញជា៣ទ្វារគឺ៖
តាមកាយទ្វារ មាន៣គឺ បាណាតិបាត១ អទិន្នាទាន១ និងកាមេសុមិច្ឆាចារ១។
តាមវចីទ្វារ មាន៤គឺ មុសាវាទ១ បិសុណាវាទ១ ផរុសវាទ១ និងសម្ផប្បលាប១។
តាមមនោទ្វារ មាន៣គឺ អភិជ្ឈា១ ព្យាបាទ១ និងមិច្ឆាទិដ្ឋិ១។
 បាណាតិបាតា (ការសម្លាប់សត្វ) មានអង្គ៥
  1. បាណោ សត្វមានជីវិត
  2. បាណសញ្ញិតា សេចក្តីដឹងថា សត្វមានជីវិត
  3. វធកចិត្តំ ចិត្តគិតនឹងសម្លាប់
  4. ឧបក្កមោ ព្យាយាមនឹងសម្លាប់
  5. តេន មរណំ សត្វស្លាប់ដោយការព្យាយាមនោះ។
អទិន្នាទាន (ការលួចទ្រព្យអ្នកដទៃ) មានអង្គ៥៖
  1. បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
  2. បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថាទ្រព្យនោះ មានម្ចាស់គេហួងហែងរក្សា
  3. ថេយ្យចិត្តំ មានចិត្តគិតនឹងលួច
  4. ឧបក្កមោ ព្យាយាមនឹងលួច
  5. តេន ហរណំ លួចបានមកដោយសេចក្តីព្យាយាមនោះ។
កាមេសុមិច្ឆាចារ (ការប្រព្រឹត្តខុសក្នុងកាម) មានអង្គ៤៖
  1. អគមនីយវត្ថុ ស្ត្រីដែលមានគេហួងហែងរក្សា
  2. តស្មឹ សេវនចិត្តំ ចិត្តគិតសេពនូវមេថុនធម្មនឹងស្ត្រីនោះ
  3. ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ
  4. មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនិងមគ្គអោយដល់គ្នា
អព្រហ្មចរិយា មានអង្គ៤៖
  1. ភេទនវត្ថុ វត្ថុជាទីទំលាយនូវសីល គឺទ្វារទាំង៣០ ចំពោះទ្វារណាមួយ (អដ្ឋកថាៈ អជ្ឈាចរិយវត្ថុ វត្ថុដែលគប្បីកន្លងល្មើល)
  2. សេវនចិត្តំ គិតនឹងសេព
  3. តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ (អដ្ឋកថាៈ បយោគំ សមាបជ្ជតិ ព្យាយាមនឹងប្រកបដែលមានសេវនកិច្ចជាបច្ច័យ)
  4. មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនិងមគ្គអោយដល់គ្នា (អដ្ឋកថាៈ សាទិយតិ ត្រេកអរចំពោះសេវនកិច្ចនោះ)
មុសាវាទ (ការពោលពាក្យកុហក) មានអង្គ៤៖
  1. អតថំ វត្ថុ វត្ថុមិនពិត
  2. វិសំវាទនចិត្តំ គិតនឹងពោលអោយខុស
  3. តជ្ជោ វាយាមោ ព្យាយាមនឹងពោលអោយខុស
  4. បរស្ស តទត្ថវិជាននំ ញុំាងអ្នកដទៃអោយដឹងសេចក្តីនោះ
សុរាមេរយ (ការសេពនូវគ្រឿងស្រវឹង) មានអង្គ៤៖
  1. មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ
  2. បាតុកម្យតាចិត្តំ គិតបំរុងនឹងផឹក
  3. តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
  4. តស្ស បានំ បានផឹកទឹកស្រវឹងនោះអោយកន្លងបំពង់កចូលទៅ
វិកាលភោជនៈ មានអង្គ៤៖
  1. វិកាលោ កាលខុស គឺចាប់ពីព្រះអាទិត្យជ្រេរហូតដល់អរុណរះ
  2. យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះរហូតដល់ថ្ងៃត្រង់
  3. អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក
  4. អនុម្មត្តកតា ភាពជាអ្នកមិនមែនជាមនុស្សឆ្កួត។ (ជាទួទៅយើងតែងឃើញថា អង្គនៃវិកាលភោជនមាន៣ តែព្រះអដ្ឋកថាចារ្យ លោកថាមាន៤)។
នច្ចគីតៈ មានអង្គ៣៖
  1. នច្ចគីតាទិ ទីកើតល្បែង មានរាំនិងច្រៀងជាដើម
  2. កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ
  3. សុតទស្សនត្ថាយគមនំ ទៅដើម្បីនឹងស្តាប់ឬមើល ហើយបានស្តាប់ឬមើល
មាលា មានអង្គ៣៖
  1. មាលាទិ គឺវត្ថុសម្រាប់ប្រដាប់កាយ មានផ្កាកម្រងជាដើម
  2. ធារណច្ឆន្ទតា សេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង
  3. តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាជាដើមនោះ
ឧច្ចាសយនៈ មានអង្គ៣៖
  1. ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយដ៏ប្រសើរហួសប្រមាណ
  2. បរិភោគចិត្តំ គិតនឹងដេកឬអង្គុយ
  3. បរិភោគករណំ បានដេកឬអង្គុយ
ជាតរូប មានអង្គ៣៖
  1. ជាតរូបរជតំ មាសឬប្រាក់ដែលជាអកប្បិយភណ្ឌ
  2. អត្តុទ្ទិសតា ចំពោះជារបស់ខ្លួន
  3. បដិគ្គណ្ហាទិ បានទទួលកាន់យកដោយខ្លួនឯង ឬប្រើគេអោយទទួលកាន់យកទុកដាក់អោយ ហើយត្រេកអរចំពោះមាសឬប្រាក់នោះដោយ​ឧបាយឯណានីមួយ។
បិសុណាវាទ (ការនិយាយញុះញង់) មានអង្គ៤៖
  1. ភិន្ទិតព្វោ បរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក
  2. ភេទបុរេក្ខារតា គិតនឹងញុះញង់បំបែកអ្នកដទៃ
  3. តជ្ជោ វាយាមោ ព្យាយាមញុះញង់បំបែកអ្នកដទៃ
  4. តស្ស តទត្ថវិជាននំ ញុំាងអ្នកដទៃអោយដឹងច្បាស់នូវដំណើរដែលខ្លួនញុះញង់នោះ
ផរុសវាទ (ការនិយាយពាក្យគ្រោតគ្រាត) មានអង្គ៣៖
  1. អក្កោសិតព្វោ បរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច
  2. កុបិតចិត្តំ មានចិត្តខឹងក្រោធ
  3. អក្កោសនា បានជេរគេ
សម្ផប្បលាប (ការនិយាយពាក្យឥតប្រយោជន៍) មានអង្គ២៖
  1. ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចម្បាំងនៃមហាភារតៈ និងរឿងរាពណ៍លួចនាំយកនាងសិតាទៅជាដើម
  2. តថារូបីកថាកថនំ បានពោលពាក្យឥតប្រយោជន៍មានសភាពដូច្នោះ
អភិជ្ឈា (ការសំឡឹងរំពៃចង់បានទ្រព្យគេ) មានអង្គ២៖
  1. បរកណ្ឌំ ទ្រព្យជារបស់អ្នកដទៃ
  2. អត្តនោ បរិណាមនំ គិតចង់បង្អោន ទ្រព្យរបស់អ្នកដទៃនោះអោយមកជាទ្រព្យរបស់ខ្លួនដោយកលឧបាយផ្សេងៗ
ព្យាបាទ (ការចងគំនុំ) មានអង្គ២៖
  1. បរសត្តោ អ្នកដទៃក្រៅពីខ្លួន
  2. តស្ស តំ តំ វិនាសចិន្តា គិតគុំកួនប្រុងនឹងអោយអ្នកនោះដល់នូវសេចក្តីវិនាសដោយហេតុនោះៗ
មិច្ឆាទិដ្ឋិ (ការយល់ខុស គឺនិយតមិច្ឆាទិដ្ឋិ) មានអង្គ២៖
  1. វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការខុសអំពីព្រះរតនត្រ័យជាដើម
  2. យថា ច តំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ

ឯកសារយោងៈ
http://km.wikipedia.org/wiki/សិក្ខាបទ៥
អភិធម្មត្ថសង្គហៈ បរិច្ឆេទទី១ ដោយព្រះភិក្ខុ អគ្គធីរោ គង់ សុមិត្ត
ឃរាវាសធម៌ ដោយព្រះភិក្ខុ មុនីកោសល្យ នៅ ហៃឡុង

សីលប្រាំ ប្រចាំជីវិត!

សីល៥ ឬនិច្ចសីល

សីល៥ ឬនិច្ចសីល គឺជាសីលដែលបុគ្គលគួររក្សាជាប្រចាំក្នុងជីវិតរាល់់ថ្ងៃ។ ចេតនាវៀរចាកនូវបញ្ចវេរា ឬហៅថាពៀរវេរាទាំង៥នេះ គឺជាការនាំសេចក្តី​សុខមកអោយខ្លួន និងអ្នកដទៃ។
វិធីសមាទាននិច្ចសីល
ជាដំបូងពុទ្ធសាសនិកគប្បីសូត្រនមស្ការព្រះរតនត្រ័យជាមុន បើសមាទានដោយខ្លួនឯង គប្បីសូត្រតាំងចិត្តដល់នូវត្រៃសរណគមន៍ និងសមាទានសីល។ បើសមាទានពីព្រះភិក្ខុសង្ឃ ឬសាមណេរ គប្បីសូត្រសូមនិច្ចសីល ព្រមទាំងត្រៃសរណគមន៍ បន្ទាប់ពីសូត្រនមស្ការព្រះរតនត្រ័យរួច។
ការសមាទានពីព្រះសង្ឃ៖
ឧកាស អហំ (មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ (យាចាម)។
ទុតិយម្បិ អហំ (មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ (យាចាម)។
តតិយម្បិ អហំ (មយំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចាមិ (យាចាម)។
ប្រែៈ (ខ្ញុំ) សូមគោរព, បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា(ទាំងឡាយ) សូមនូវសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា។ ...ជាគម្រប់ពីរដងផង។ ...ជាគម្រប់បីដងផង។
បន្ទាប់ពីនោះ ត្រូវសូត្រតាមលោក អ្នកអោយសីល។
ថ្វាយបង្គំព្រះពុទ្ធរតនៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្ត​ដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា​ប្រដៅ​ព្រះអង្គឡើយ។
ដល់នូវត្រៃសរណគមន៍
ពុទ្ធំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក។
ធម្មំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក។
សង្ឃំ សរណំ គច្ឆាមិ។ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ជាគម្រប់ពីរដងផង។
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ជាគម្រប់ពីរដងផង។
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ជាគម្រប់ពីរដងផង។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ជាគម្រប់បីដងផង។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ។   ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ជាគម្រប់បីដងផង។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ។ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ជាគម្រប់បីដងផង។
សីល៥ ឬនិច្ចសីល
  1. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ - ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិត​អោយធ្លាក់ចុះ គឺសម្លាប់សត្វ។
  2. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ - ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេ​មិនបានអោយដោយកាយ ឬដោយវាចា។
  3. កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ - ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាម​ទាំងឡាយ។
  4. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ - ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ - ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំង​នៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។

បូជាប្រទីប ថ្វាយព្រះមហាពោធិព្រឹក្ស និងព្រះពុទ្ធរូប នៅក្រោមមណ្ឌលពោធិព្រឹក្ស នាវត្តព្រែកអំបិល

 អ្នកឲ្យនូវប្រទីប ឈ្មោះថាឲ្យនូវ ចក្ចុ គឺភ្នែក !
 ជនទាំងឡាយណា បានធ្វើនូវប្រទីប បូជាដល់ព្រះរតនៈត្រៃហើយ ប្រកបដោយសេចក្តីជ្រះថ្លា មាននូវបញ្ញា សម្មាទិដ្ឋប្រកបព្រមផងនុះ!  នរជននោះ រមែងជាបុគ្គលកើតក្នុងទីណាៗ ជាអ្នកមាននូវភ្នែកដ៏ល្អលើសបុគ្គលដទៃទៀត ជាអ្នកមាននូវបញ្ញាស្មារតី មុតថ្លា ប្រសើរជាងពួកជន! ជាមានបរិវាផង មាននូវទ្រព្យផង មាននូវសេចក្តីសុខផង មាននូវកិត្តិយសផង ហើយជាអ្នកចម្រើនសព្វៗកាល !។
 បុគ្គលណា បានឲ្យធម៌ គឺពាក្យប្រៀនប្រដៅ ប្រកបដោយ មេត្តាចិត្ត ប្រាថ្នាឲ្យជនដទៃ បានដល់នូវសេចក្តីដឹង ក្នុងហេតុដែលខ្លួនត្រូវធ្វើ ដើម្បីជាប្រយោជន៍ គឺសេចក្តីប្រាស់ចាកទុក្ខនិងភ័យទាំងពួង បុគ្គលទាំងនោះ ទោះអាស្រ័យនៅក្នុងជាតិនេះក្តី ជាតិមុខក្តី ក៏រមែងរុងរឿងដោយបុណ្យ និងបញ្ញា ជានិច្ច ហើយក្នុងអនាគតជាតិ រមែងរុងរឿងចម្រើន ដោយសម្បត្តិដ៏ជាទិព្វ ក្រៃលែងជាងពួកជនដទៃ ។




Monday, November 28, 2016

សិក្សាព្រះវិន័យបិដក

វេរញ្ជកណ្ឌ ( ១ )

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

វេរញ្ជកណ្ឌំ

[១] តេន សមយេន ពុទ្ធោ ភគវា វេរញ្ជាយំ វិហរតិ នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ ភិក្ខុសតេហិ។ អស្សោសិ ខោ វេរញ្ជោ ព្រាហ្មណោ សមណោ ខលុ ភោ គោតមោ សក្យបុត្តោ សក្យកុលា បព្វជិតោ វេរញ្ជាយំ វិហរតិ នឡេរុបុចិមន្ទមូលេ មហតា ភិក្ខុសង្ឃេន សទ្ធឹ បញ្ចមត្តេហិ ភិក្ខុសតេហិ។ តំ ខោ បន ភវន្តំ គោតមំ ឯវំ កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គតោ ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ សោ ឥមំ លោកំ សទេវកំ សមារកំ សព្រហ្មកំ សស្សមណព្រាហ្មណឹ បជំ សទេវមនុស្សំ សយំ អភិញ្ញា សច្ឆិកត្វា បវេទេតិ សោ ធម្មំ ទេសេតិ អាទិកល្យាណំ មជ្ឈេកល្យាណំ បរិយោសានកល្យាណំ សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ បកាសេតិ សាធុ ខោ បន តថារូបានំ អរហតំ ទស្សនំ ហោតីតិ។ សូមចូលទៅដើម្បីអានបន្ត............................................

ព្រះត្រៃបិដក

ព្រះត្រៃបិដក

នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខ​ដទៃ ក្រៅអំពីសេចក្តីស្ងប់ឡើយ !

 នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខ​ដទៃ ក្រៅអំពីសេចក្តីស្ងប់ឡើយ !
 សីលេន សុគតឹ យន្តិ សីលជាទីនាំឲ្យសម្រេចនូវសម្បត្តិសួគ៌ា
 សីលេន ភោគសម្បទា សីលជាទីនាំមកនូវ ទ្រព្យសម្បត្តិ
សីលេន និព្វុតឹ យន្តិ សីលជាទីញ៉ាំងសត្វ ឲ្យទៅកាន់ ព្រះនិព្វាន ។

ជីវិតមានសីល រស់មិនចេះស្លាប់....................................

  សីលនៅក្នុងចិត្ត ទានស្ថិតក្នុងដៃ សន្សំរាល់ថ្ងៃ និស្ស័យសួគ៌ា រក្សាឲ្យស្អាត កាយចិត្តវាចា បដិបត្តិសិក្ខា ប្រាថ្នានិព្វាន ។
ជីវិតមានសីល រស់មិនចេះស្លាប់ ជាទីសេពគប់ ញាត្តិគ្រប់សន្តាន រស់នៅជាមនុស្ស មានយសថ្កើនថ្កាន ទោះស្លាប់ចាកឋាន ស្ថានទេវលោកចាំ ។

 ដោយខ្ញុំ ភិក្ខុ ញាណភទ្ទោ លី ប៊ុណ្ណារិទ្ធ វត្តព្រែកអំបិល

សូមអនុមោទនា ! ថ្ងៃស្អែកជាថ្ងៃសីល




សូមអនុមោទនា សណ្តាប់នូវព្រះទេសនា ដែលសម្តែងអំពីគុណរបស់សីល ដោយសេចក្តីជ្រះថ្លា ដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស !

 សូមមិត្តធម៌គ្រប់រូប ជួយចែករំលែកនូវ ធម្មទាននេះ ដល់មិត្តរបស់អ្នក  ស្មើនិងអ្នក ជួយឲ្យមិត្តរបស់បានដល់នូវសម្បត្តិដ៏ប្រសើរ!

Sunday, November 27, 2016

ភាពស្រស់ស្អាតរបស់មនុស្សយើង គឺចិត្ត








មនុស្សយើងនៅពេលដែល បើកចិត្តឲ្យទូលាយ លះបង់សេចក្តីប្រកាន់  ព្រមទទួលអ្វីដែលកើតឡើង ដោយការទទួលខុសត្រូវខ្ពស់  ទន់ភ្លន់តែរឹងមាំ អ្វីៗនឹងល្អទាំងអស់ ។